ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធំបុកជាមួយរថយន្តតូច កាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៥និង៤០នាទីព្រឹកលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានត្បែងស្ថិតនៅភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសនេីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថ្ងៃទី៣១ខែតុលាថា៖ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មាន៖ឈ្មោះ គង់ ឆាយទាំង ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើកបររថយន្តនិង អ្នករួមដំណើរ ឈ្មោះគង់ ព្រូ ភេទប្រុសអាយុ ៣៧ឆ្នាំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកHIGH LANDER ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង បានបើកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿន។ពេលមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងស្ដាំហើយបានរ៉េចង្កូតចុះរ៉េឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកHINOពណ៍ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើតបានបុករថយន្ត HIGH LANDER ដែលនៅទទឹងផ្លូវចំពាក់កណ្ដាលតួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង០២នាក់ ។
ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនពី កន្លែងកើតហេតុ ។ចំពោះរថយន្តទាំង០២គ្រឿងខូចខាតធ្ងន់ ។ សពជនរងគ្រោះទាំង០២នាក់ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ យកមកតំកល់ទុក នៅវត្តរហាល រងចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឃឹន គន្ធា