ខេត្តក្រចេះ៖ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តចុះឃាត់ខ្លួន កាលពីថ្ងៃទី៣០តុលាឆ្នាំ២០២១ ក្រោយជនសង្ស័យរូបនេះ ត្រូវគេដឹងថា បានប្រើអំពើហិង្សា និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ លើកុមារីពីរនាក់ ដែលជាកូនឈ្នួលបម្រើក្នុងផ្ទះរបស់ខ្លួន និងកូនឈ្នួលទាំងពីរនាក់នេះ ត្រូវបានគេជួយដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា បុគ្គល ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។ លោកថា មូលហេតុដែលនាំឲ្យឃាត់ខ្លួននោះ ដោយសារបុគ្គលរូបនេះ បានប្រព្រឹត្តអំពើហិង្សា ទៅលើក្មេងស្រី ដែលជាកូនឈ្នួល (អ្នកបម្រើនៅក្នុងផ្ទះ) នោះមក។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គល ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៧តុលាឆ្នាំ២០២១ កន្លងមកនេះ មានករណីអំពើហិង្សាមួយ បានកើតឡើងទៅលើក្មេងស្រីពីរនាក់ ដែលជាកូនឈ្នួលបម្រើក្នុងផ្ទះ របស់មេបញជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ។ កុមារីទាំងរងគ្រោះទាំងពីរនាក់ ម្នាក់ ឈ្មោះ ត្រែក ធារ៉ា អាយុ ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រ៉ន ពិសី អាយុ ១២ឆ្នាំ ដែលជាអ្នកបម្រើនៅក្នុងផ្ទះ លោក ទេព ហ៊ុយ ។ ហើយមូលហេតុដែលនាំឲ្យផ្ទុះអំពើហិង្សានោះ កុមារីរងគ្រោះនិយាយថា ដោយសារពួកគេទាំងពីរនាក់ បានធ្វើឲ្យកូនឆ្កែចិញ្ចឹមរបស់ដៃដល់ងាប់ ។
កុមារីទាំងពីរបានបញ្ជាក់ថា ក្រោយពីសត្វឆ្កែនោះងាប់ លោក ទេព ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកកៅអីជ័រវាយក្បាលពីរជើងម៉ា ហើយកូនចៅ លោក ទេព ហ៊ុយ បានវាយលើពួកគេ ៣កំផ្លៀងថែមទៀតផង។
ដោយឡែក ម្តាយកុមារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ពិតជាមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីដឹងថា លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានប្រើអំពើហិង្សាវាយដំមកលើកូនរបស់ខ្លួន និងបង្ខំឲ្យស៊ីអាចម៌ឆ្កែ រួចហើយមេប៉េអឹមក៏ឲ្យខ្លួន និងប្ដីគាត់ ព្រមកូនសរុប ៦នាក់ មកផ្តិតមេដៃនៅកន្លែង ធ្វើការរបស់គាត់ បង្ខំឲ្យបង់សងប្រាក់ក្នុងមួយខែ ១០០ដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ បើមិនព្រមផ្តិតមេដៃ ឬអនុវត្តតាមទេ ត្រូវចាប់កូនដាក់គុក ។
មន្ត្រីនាំពាក្យកងរាជអាវុអហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ខណៈនេះ មន្ត្រីយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ។ ទោះជាយ៉ាងណា ខណៈនេះ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានចាប់ខ្លួននោះហើយ ៕