ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំមន្ត្រីក្រោមឱវាទ មានទាំងថ្នាក់ខេត្ត ស្រុក និងនៅថ្នាក់មូលដ្ឋាន ចុះសួរសុខទុក្ខ និងការនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីរបបទឹកជំនន់ និងជនចាស់ជរា ២៦០គ្រួសារ កាលពីថ្ងៃទី៣១តុលាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ប្រជាពលរដ្ឋទាំង ២៦០គ្រួសារនោះ ១៣០គ្រួសារ រស់នៅក្នុងភូមិក្របីជ្រុំ ឃុំក្បាលរមាស និង ១៣០គ្រួសារទៀត រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម៉ាស ១០សន្លឹក និងម៉ាសក្រណាត់ ១បន្ទះ ថែមទៀតផង ។
អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ហើយសម្តេច នៅតែបន្តគិតគូរជានិច្ច លើភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងក៏មិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ ឲ្យអត់ស្បៀងអារហារនោះដែរ ។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង ផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមលក្ខណៈ ដោយចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត តាមរយៈការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់លើជីវភាពរស់នៅ ឲ្យបានល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានស្រកចុះអស់ទៅវិញនោះ។
លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំងសុខភាព តាមរយៈការហូបទឹកដាំឆ្អិន ការរស់នៅជាមួយបរិស្ថានស្អាត មានអនាម័យល្អ និងត្រូវគេងដាក់មុងជានិច្ច ហើយក៏ត្រូវមើលថែទាំកូនចៅៗតូចៗ កុំបណ្តោយឲ្យចុះលេងទឹក ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ និងក៏ត្រូវបន្តការអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំនានារបស់ ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព ៕ ដោយ៖ឡុង សំបូរ