បញ្ជូនមេបញ្ជាការ និងមេបញ្ជាការរងអាវុធហត្ថក្រុង ទៅតុលាការខេត្តក្រចេះ ពាក់ព័ន្ធក្នុងសំណុំរឿង ប្រើហិង្សាវាយដំ និងបង្ខំឲ្យកូនឈ្នួលស្រីពីរនាក់ ស៊ីលាមកសត្វសុនកដែលខ្លួនចិញ្ចឹម និងក្រោយពីសត្វសុនកនោះបានងាប់

0

ខេត្តក្រចេះ៖ មន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនជនសង្ស័យដៃដល់ពីរនាក់ ម្នាក់ជាមេបញ្ជាការ និងម្នាក់ទៀត ជាមេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះ ទៅកាន់តុលាការខេត្តក្រចេះនោះហើយ នៅព្រឹកថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១ ក្រោយការឃាត់ខ្លួន កាលពីថ្ងៃទី៣០តុលាឆ្នាំ២០២១ និងក្រោយការប្រើអំពើហិង្សាវាយដំ បង្ខំឲ្យយុវតីវ័យ ១២ឆ្នាំ ពីរនាក់ ឲ្យដេកអោបថ្នូរ និងស៊ីលាមកសត្វសុនកដែលខ្លួនចិញ្ចឹម កាលពីថ្ងៃទី២៧តុលា២០២១ កន្លងមកនេះ។

យុវតីវ័យ ១២ឆ្នាំ ដែលជាអ្នកបម្រើនៅក្នុងផ្ទះ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវគេរាយការណ៍ថា បានរងការវាយដំយ៉ាងដំណំ រហូតរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោយការប្រព្រឹត្តអំពើហិង្សា កាលពីថ្ងៃទី២៧តុលាឆ្នាំ២០២១ នោះមក។

មន្ត្រីអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា មេបញ្ជាការក្រុងក្រចេះ ឈ្មោះ ទេព ហ៊ុយ អាយុ ៤២ឆ្នាំ មានទីលំនៅ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។ លោក ទេព ហ៊ុយ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៣០ខែតុលាឆ្នាំ២០២១ ក្រោយពីមេអាវុធហត្ថក្រុងក្រចេះរូបនេះ បានធ្វើសកម្មភាពវាយធ្វើបាបកូនឈ្មួលបម្រើក្នុងផ្ទះខ្លួន ២នាក់ គឺជាក្មេងស្រីដែលទើបតែមានអាយុ ១២ឆ្នាំ ប៉ុណ្ណោះ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះទាំង ២នាក់ ម្នាក់ឈ្មោះ ត្រែក ធារ៉ា អាយុ ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ វ៉ន ពិសី អាយុ ១២ឆ្នាំ ក្មេងស្រីរងគ្រោះទាំង២ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីឈ្នួលបំរើនៅផ្ទះលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ដោយបានតម្លៃថ្លៃឈ្មួលក្នុងម្នាក់ ១ខែ ១០០ដុល្លារ។

យុវតីរងគ្រោះទាំងពីរ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ នាយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ ពួកគេទាំងពីរនាក់ បានចាប់កូនឆ្កែរបស់ម្ចាស់ផ្ទះទៅច្រមុជទឹក បណ្តាលឲ្យសត្វឆ្កែនោះងាប់ ហើយដើមហេតុដែលធ្វើឲ្យពួកគេទាំងពីរ ចាប់កូនឆ្កែទៅច្រមុជទឹកនោះ ដោយសារកូនស្រី លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ និងជាម្ចាស់ផ្ទះ បានជេរប្រមាថកូនឈ្នួលបម្រើខ្លាំងពេក ហើយកុមារីរងគ្រោះទាំងពីរក៏ខឹង និងចាប់ឆ្កែម្ចាស់ផ្ទះយកទៅជ្រលក់ទឹក ចៃដន្យកូនឆ្កែនោះក៏ងាប់ ទើបលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ខឹងនិងប្រើហិង្សា យកជើងជាន់ ក និងឱ្យមន្ត្រីរបស់ខ្លួន ទះបីកំផ្លៀង វាយធ្វើបាបអស់ជាច្រើនថ្ងៃ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

លើសពីនេះទៀត មេអាវុធហត្ថក្រុងក្រចេះរូបនេះ បានបង្ខំឱ្យពួកគេទាំង២នាក់ ស៊ីអាចម៍ឆ្កែ, សំពះថ្នូឆ្កែ ,ដេកអោបយាមចាំថ្នូរឆ្កែរបស់គេទៀតផង និងបានគំរាមសម្លាប់ រួចចង់នឹងដុំថ្ម បោះចូលទឹកទន្លេ និងហៅឪពុកម្តាយក្មេងរងគ្រោះឱ្យមកកន្លែងរបស់ខ្លួន ហើយធ្វើលិខិតឱ្យចេញលុយសងក្នុងម្នាក់ ក្នុង ១ខែ ១០០ដុល្លារ រយៈពេល ៣ឆ្នាំ បើមិនសង់ទេ មេប៉េអឹមក្រុងក្រចេះ លោក ទេព ហ៊ុយ និងចាប់ក្មេងស្រីទាំងពីរនាក់ដាក់គុក។

ម្តាយកុមារីរងគ្រោះទាំងពីរ អ្នកស្រី ពិន តុប អាយុ ៣៦ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ច ក៏ដូចជាអង្គការមួយចំនួននៅក្នុងមន្ទីរពេទ្យថា ខ្លួនមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីដឹងថា លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានប្រើអំពើហិង្សាមកលើកូនរបស់ខ្លួន និងបង្ខំឲ្យស៊ីអាចម៍ឆ្កែ ។ រួចហើយមេប៉េអឹមក៏ឱ្យខ្លួន និងប្ដីគាត់ រួមជាមួយកូន ៦នាក់ មកផ្តិតមេដៃនៅកន្លែងធ្វើការរបស់គាត់ បង្ខំឱ្យបង់សងប្រាក់ក្នុង១ខែ ១០០ដុលារ រយៈពេល ៣ឆ្នាំ បើមិនព្រមផ្តិតមេដៃ ឬអនុវត្តតាមទេ ត្រូវចាប់កូនដាក់គុក។

គួរបញ្ជាក់ថា រឿងប្រព្រឹត្តអំពើហិង្សា លើកុមារីទាំងពីរនាក់នេះ ទំនងជាដឹងដល់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យមានចំណាត់ការ ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ មានការភិតភ័យ រកវិធីអង្វរឪពុកម្ដាយកុមារីរងគ្រោះ តាមរយៈការសុំទោសដោយផ្ទាល់ ការសុំបង់ជំងឺចិត្តជាប្រាក់ចំនួន ២០លានរៀល , ឈានដល់ចំនួន ២ម៉ឺនដុល្លារ ប៉ុន្តែ ឪពុកម្ដាយកុមារីរងគ្រោះមិនព្រមទទួល ដោយគាត់បានបញ្ជាក់ថា រឿងនេះខ្លួនបានប្តឹងទៅតុលាការខេត្តរួចហើយ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារកុមារីរងគ្រោះ សូមថ្លែងអំណរគុណចំពោះចំណាត់ការរបស់ សមត្ថកិច្ចកងរាជអាវុធហត្ថពីថ្នាក់លើ និងតំណាងអយ្យការខេត្តក្រចេះ ដែលបានចាត់ការក្នុងរឿងព្រហ្មទណ្ឌមួយនេះ ៕