ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំកម្លាំងក្រោមឱវាទ ប្រមាណជាង ៧០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះកម្លាំង និងមធ្យោបាយ បន្ទាប់ពីស្រូវពង្រួសដែលព្រួសលើផ្ទៃដីប្រមាណ ៥ហិចតា បានហុចផលឲ្យ និងទុំដេកដួលក្រាលពេញវាលស្រែ ។
ការអញ្ជើញដឹកនាំកម្លាំង ចុះជួយប្រមូលផលស្រូវប្រជាកសិកររបស់ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានធ្វើឡើងនាថ្ងៃទី២វិច្ឆិកាឆ្នាំ២០២១ នេះ មានចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា យោងតាមផែនការរបស់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ,មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ក៏ដូចជាការដឹកនាំបញ្ជារបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ផងនោះ ជារៀងរាល់ឆ្នាំ កងកម្លាំងរបស់អង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅទូទាំងយោធភូមិភាគទី១ និងកងយោធពលខេមរភូមិន្ទ នៅទូទាំងប្រទេស តែងតែចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការចុះជួយច្រូតកាត់ ឬ ដកស្ទូង ជាពិសេស គឺតែងចុះជួយក្នុងគ្រាមានទុក្ខលំបាកផ្សេងៗ ដូចជា ពួកគាត់ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ « ភ្លើងឆេះផ្ទះ» និងគ្រោះមហន្តរាយផ្សេងៗទៀត ដែលបង្កឡើងពីគ្រោះធម្មជាតិ គឺអង្គភាពសិករងខេត្ត និងកងយោធពលខេមរភូមិន្ទ បានចូលរួមដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មានប្រសាសន៍ទៀតថា នៅពេលនេះ លោកឧត្តមសេនីយ៍ បានដាក់ចេញនូវផែនការ ឲ្យបណ្តាអង្គភាពស្រុកទាំង៦ និងអង្គភាពវរៈសេនាតូចទាំង២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង និងការិយាល័យគ្រប់ផ្នែកទាំងអស់ ចូលរួមច្រូតកាត់រយៈពេល ៥ថ្ងៃ ជួយច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋ ដែលនៅជិតទីតាំងមូលដ្ឋានកងទ័ព ។ លោកថា ថ្ងៃនេះកម្លាំងបានចុះជួយច្រូតកាត់ ប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ លើផ្ទៃដីទំហំ ៥ហិចតា ដោយមានកម្លាំង ៧០នាក់ និងនៅថ្ងៃស្អែកនេះ លោកឧត្តមសេនីយ៍ នឹងបង្កើនកម្លាំងបន្ថែមទៀត រហូតដល់ ៩០នាក់ ដើម្បីពន្លឿនការប្រមូលផលស្រូវនេះ ឲ្យឆាប់បានរួចរាល់ តាមផែនការ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋម្ចាស់ស្រែ សូមបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ក៏ដូច សេចក្តីណែនាំនានារបស់ ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យបន្តឆ្លងមកខ្លួនយើង គ្រួសារ និងសហគមន៍ក្នុងខេត្តស្ទឹងត្រែងរបស់យើង ៕ ដោយ៖ឡុង សំបូរ