កំពង់ធំ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១, លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងនៃការអនុវត្តការងាររបស់សហគ្រាសលាយបេតុងធនតូច “តាន់ ប៊ុនឆេង” ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរស់ប្រចាំថ្ងៃ។ ក្នុងប្រតិបត្តិការនេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ប្រាប់ឲ្យដឹងថា សកម្មភាពអាជីវកម្មនៅលើទីតាំងខាង លើមានច្បាប់អនុវញ្ញាត្តិឲ្យធ្វើអាជីវកម្ម ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ។ ចំពោះសំណើររបស់ប្រជាពលរដ្ឋដែលលើកឡើងថា មានផលប៉ះពាល់ក្នុងការរស់នៅនោះ ក្រុមការងាររបស់ខេត្តចុះពិនិត្យ និងវាយតម្លៃឃើញថា មានតិចតួច លើសម្លេងរំខានខ្លះនៃសកម្មភាពក្រឡុក ដាក់ថ្មចូលម៉ាស៊ីនជាដើម។ លោកបន្ថែមថា ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើង គឺស្ថិតនៅលើសំណង់សុំពង្រីកបន្ថែម ដែលបច្ចុប្បន្នសំណង់នេះមិនទាន់មានការសាងសង់រួចនៅឡើយនោះទេ, ទន្ទឹមនោះមន្ទីរជំនាញ កំពុងពិនិត្យផ្តល់គោការណ៍អនុវញ្ញាត្តិស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដែលអាចរក្សាបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុន និងផលប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅទីនោះ ដោយមិនឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។
ជាមួយគ្នានេះដែរលោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ បញ្ជាក់ដែរថា ម៉ាស៊ីនអនុវត្តន៍ប្រតិបត្តិការណ៍លាយបេតុងទីតាំងសហគ្រាសធនតូចលាយបេតុង “តាន់ ប៊ុនឆេង” មានសុពលភាពម៉ោងម៉ាស៊ីន គិតចាប់ពីថ្ងៃស្នើរសុំរហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ។ បន្ទាប់ពីផុតថ្ងៃកំណត់រយៈពេល៣០ថ្ងៃ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើរសុំបន្ត។ ដោយឡែលើទីតាំងនេះដែរ ភាគ្គីក្រុមហ៊ុនដាក់ពាក្យស្នើរសុំពង្រីកបន្ថែមដោយធ្វើការសាងសង់ថ្មីតាមបច្ចេកទេស ទៅមន្ទីររួចររាល់ហើយ។ ក្នុងនោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ កំពុងសិក្សារលំអិត និងស្នើររដល់អាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យ ដើម្បីវាយតម្លៃពីសកម្មភាពដែលអាចប៉ះពាល់ប្រជាពលរដ្ឋ និងស្នើរដល់សហគ្រាសបន្តកែតម្រូវបន្ថែមមុនអនុញ្ញាត្តិច្បាប់ឲ្យធ្វើអាជីវកម្ម។
លោក តាន់ ប៊ុនឆេង ម្ចាស់សហគ្រាសធនតូចលាយបេតុង លើកឡើងថារូបលោក ផ្ទាស់ទទួលស្គាល់ថា ការអនុវត្តការងារកន្លងមកមានផលប៉ះពាល់តិចតួចពិតមែនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ, ប៉ុន្តែរូបលោក និងទទួលយកសំណើររបស់ពលរដ្ឋ ទទួលយកគោលការណ៍បច្ចេកទេសរបស់អាជ្ញាធរ និងមន្ទីរជំនាញ! ដោយឈរលើផលប្រយោជន៍ស្របតាមគោលការណ៍ច្បាប់ មិនធ្វើប៉ះពាល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែនោះ និងបន្តធ្វើការកែតម្រូវចំណុចខ្វះខាតបន្ថែមទៀត។





































