មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានលើកទឹកចិត្តដល់យោធិន ដែលទទួលបានការតម្លើងឋានន្តរស័ក្តិ និងការដាក់ឲ្យចូលនិវត្តន៍ ខិតខំកសាងជីវភាពគ្រួសារ និងការរស់នៅជាស៊ីវិល ប្រកបដោយក្តីសុខដុម

0

ខេត្តស្ទឹងត្រែង៖ ការថ្លែងលើកទឹកចិត្តដល់យោធិនរបស់ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក្នុងគ្រាលោកឧត្តមសេនីយ៍ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ បំពាក់ឋានន្តរស័ក្តិ និងការដាក់ឲ្យចូលនិវត្តន៍យោធិន ៥រូប ទៅតាមគោលការណ៍ រាជរដ្ឋាភិបាល ,ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២១ ។

យោងតាមសេចក្តីសម្រេច យោធិន ៥រូប ដែលត្រូវបានតម្លើងឋានន្តរស័ក្តិ និងការដាក់ឲ្យចូលនិវត្តន៍នាថ្ងៃនេះ រួមមាន ៖ ១.លោកវរៈសេនីយ៍ទោ សូ កំសត់ នាយផ្នែកបញ្ជូនសារតំបន់សឹករងខេត្ត ត្រូវបានតម្លើងឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក នាយទាហាន នៃកងយោធពលខេមរភូមិន្ទ មុនចូលនិវត្តន៍ ,២.លោកអនុសេនីយ៍ឯក មាស សាវ៉ាង ត្រូវបានតម្លើងឋានន្តរស័ក្តិ ជាថ្នាក់វរៈសេនីយ៍ត្រី មុនចូលនិវត្តន៍ ,៣. លោកនាយចំណង់ ឃឹម ឃិត ត្រូវបានតម្លើងឋានន្តរស័ក្តិ ជាថ្នាក់អនុសេនីយ៍ត្រី ,៤.លោកនាយចំណង់ ជា អឿន ត្រូវបានតម្លើងឋានន្តរស័ក្តិ ជាថ្នាក់អនុសេនីយ៍ត្រី​ និង៥.លោកនាយចំណង់ ចាន់ វុទ្ធី ត្រូវបានតម្លើងឋានន្តរស័ក្តិ ជាថ្នាក់អនុសេនីយ៍ត្រី​ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា ឆ្លងតាមការបំពេញភារកិច្ចជូនជាតិ មាតុភូមិ អស់រយៈកាលជាច្រើនឆ្នាំ ដែលមានអាយុកាលមិនតិចជាង ៤០ឆ្នាំនោះទេ ដែលយោធិនយើងបានឆ្លងកាត់ការបំពេញការងារនៅក្នុងក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់តាំងឆ្នាំ១៩៧៩ នោះមក គឺបានឆ្លងកាត់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩-១៩៨៩) នៅក្នុងចន្លោះនេះ បានឆ្លងកាត់ទាំងការងារប្រយុទ្ធ ដើម្បីទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ប៉ុល ពត ​និងការកសាងប្រទេសជាតិ យ៉ាងលំបាកលំបិន,របបរដ្ឋកម្ពុជា(១៩៨៩-១៩៩៣) និងក៏ដូចនៅសម័យបច្ចុប្បន្ន ផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងលើកទឹកចិត្តដល់កងទ័ពទាំងអស់ ពិសេស យោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ថា នៅរយៈកាលកន្លងមក បានឆ្លងកាត់ការតស៊ូយ៉ាងអង់អាចក្លាហាន លើការងារប្រយុទ្ធនៅលើសមរភូមិ និងបានពលីជីវិតជាច្រើន រីឯអ្នកដែលនៅរស់ ក៏បានរងនូវការរបួសស្នាម ចំណែក យោធិនដែលត្រូវចូលនិវត្តន៍ ក៏បានឆ្លងកាត់ការងារដ៏លំបាកនេះជាច្រើន ក្នុងក្របខ័ណ្ឌជាកងទ័ពប្រជាជនកម្ពុជា នាម័យនោះ។ ដូច្នេះ នាយទាហានទាំងអស់ សុទ្ធតែបានឆ្លងកាត់ក្នុងការធ្វើសឹកសង្គ្រាម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅគ្រប់ដំណាក់កាល និងគ្រប់ជំនាន់នីមួយៗ ចាប់តាំងពីសម័យសាធារណរដ្ឋ ,សម័យរដ្ឋកម្ពុជា និងសម័យបច្ចុប្បន្ន គឺកងទ័ពទាំងអស់ តែងបានលះបង់ពេលវេលា និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រហូតទទួលបានការបង្រួបបង្រួមជាតិ ពិសេស ការទទួលបានសុខសន្តិភាពយ៉ាងពេញលេញ មកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រទេស ប្រកបដោយគំនិតឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងបានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពទាំងអស់ ដោយបានសង់ផ្ទះ និងបែងចែកដីធ្លីជូនដល់យោធិនចូលនិវត្តន៍ ជាបន្តបន្ទាប់ ដើម្បីការរស់ប្រកបដោយសេចក្តីភាពថ្លៃថ្នូរ ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏ភ្លេចនូវការផ្តាំផ្ញើដល់យោធិនទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូច វិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ហើយលោកឧត្តមសេនីយ៍ ក៏បានផ្តល់ថវិកា អង្ករ សម្លៀកបំពាក់ សារ៉ុង និងក្រម៉ា ជូនដល់យោធិនចូលនិវត្តន៍ទាំង ៥នាក់ ផងដែរ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏បានចាត់លោកវរសេនីយ៍ឯក មី ប៊ុនប៉ន មេបញ្ជាការរងតំបន់សឹករងខេត្ត ដឹកនាំកម្លាំងយោធា ២០នាក់ ដោយបែងចែកជា ៣ក្រុម ដើម្បីចុះជួយប្រមូលផលស្រូវប្រជាកសិករ លើផ្ទៃដី ២ហិចតា ដែលកំពុងខ្វះកម្លាំងច្រូតកាត់ស្រូវ នៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

ប្រជាកសិករម្ចាស់ស្រូវ បានសម្តែងការអរគុណជាពន្លឹក ដល់លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់សឹករងខេត្ត ដែលបានគិតគូពីសុខទុក្ខ និងតែងបានជួយដោះស្រាយរាល់ការលំបាករបស់ ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងខេត្តស្ទឹងត្រែងនេះ ៕ ដោយ៖ឡុង សំបូរ