រាជធានីភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពី ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
លោក អភិបាលខេត្ត បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគ ស្ទើររក ទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវ ឥស្សរជន នយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិសាសនា ព្រះ មហាក្សត្រគ្រប់កាលៈទេសៈព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
លោក អភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយនាគសមុទ្រ