ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ,អភិបាល នៃគណអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងលោកគ្រូ អ្នកគ្រូ ដើម្បីប្រារព្ធមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង និងខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណ ស្ដូបវិមានឯករាជ្យ ក្នុងទីប្រជុំជនក្រុងព្រះវិហារ ខេត្តព្រះវិហារ។
តាមការរៀបចំពិធីរបស់រដ្ឋបាលខេត្តព្រះវិហារ ក្បួនរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ បានឡើងបំពាក់កម្រងផ្កា និងដុតធូប ដើម្បីបួងសួងសុំសេចក្តីសុខក្សេមក្សាន្ត និងថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ខួបលើកទី១៧ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះអង្គ សូមទ្រង់គង់នៅជាម្លប់ដ៏ត្រជាក់ ប្រកបដោយបរមសុខក្សេមក្សាន្ត មានព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងប្រជារាស្ត្ររបស់ព្រះអង្គយូរអង្វែងតរៀងទៅ ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងថា ដើម្បីសម្តែង នូវមនោសញ្ចេតនា សោមនស្សរីករាយ និងអបអរសារទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា ក៏ដូចជាការដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិ ជូនជាតិ មាតុភូមិ ពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្យ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
លោកអភិបាលខេត្ត បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន និងរឹងមាំបំផុត ពិសេស ទិសប្រាសាទព្រះវិហារ។
នៅក្នុងពិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ និងអបអរសារទរការគ្រងព្រះបរមរាជសម្បត្តិ គម្រប់ខួបលើកទី១៧ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានរៀបចំគ្រួសារវីរជន ដែលមានគុណបំណាច់ និងគ្រួសារខ្វះខាត ៤១គ្រួសារ ឲ្យទទួលអំណោយមនុស្សធម៌ ទុកជាការលើកទឹកចិត្ត នាគ្រានោះផងដែរ ៕ ដោយ៖ឡុង សំបូរ