លោកឧកញ៉ា ទៀ វិចិត្រ នាំយក អណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

0

ខេត្តព្រះសីហនុ៖នេះជាសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៨ហើយដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបាននាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញដើម្បី ចូលរួមជួយការពារអភិរក្ស ។

លោកឧកញ៉ា ទៀ វិចិត្របានមានប្រសាសន៏បញ្ជាក់ថាគ្រប់ពេលដែលនាំយកសត្វល្មិចឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗលោកតែងតែមានកឹបសៀលតាមបច្ចេកទេសសម្គាល់សត្វល្មិចឬអណ្តើកសមុទ្រនោះ ជាសញ្ញា សម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសំរាប់សត្វល្មិចឬអណ្តើកសមុទ្រចំនួន២ក្បាលដែលនាំយកទៅព្រលែងនាពេលនេះគឺមានលេខសម្គាល់ សៀល កឹប KH 0388 និងKH 0389។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការកឹបសៀលសម្គាល់បែបនេះមាន សារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ពីព្រោះប្រសិនបើមានការនេសាទបានសត្វ ល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានានឹងព្រលែងចូលក្នុងសមុទ្រវិញមិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

ជាមួយគ្នានេះ លោក ឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទដែលកន្លងមក  នេសាទបានសត្វល្មិចឬអណ្តើកសមុទ្រពួកគាត់តែងតែនាំយកមកប្រគល់រូបលោក ដើម្បីនាំ ព្រលែងក្នុងសមុទ្រ វិញចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕(ដោយ នាគសមុទ្រ)