សមត្ថកិច្ចខេត្តស្ទឹងត្រែង តាមចាប់ខ្លួនអ្នកទោសបាន ១នាក់ ក្នុងចំណោមអ្នកទោស ៧នាក់ ដែលបានហែកគុករត់ចេញ កាលពី២ថ្ងៃមុន

0

ខេត្តស្ទឹងត្រែង៖ អ្នកទោសគ្រឿងញៀន ១នាក់ ក្នុងចំណោមអ្នកទោស ៧នាក់ ដែលបានធ្វើសកម្មភាព វាយទម្លុះរបងថ្មគុករត់ចេញ កាលពី២ថ្ងៃមុននោះ នៅម៉ោងជិត ៧យប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តាមប្រមាញ់ និងចាប់ខ្លួនបានមកវិញ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃនេះថា ក្រោយពេលអ្នកទោស ៧នាក់ ដែលបានធ្វើសកម្មភាពវាយទម្លុះរបងថ្មគុក លួចរត់ចេញកាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១ នោះមក កម្លាំងសមត្ថកិច្ចចម្រុះ ពិសេស កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៦ បានសហការរួមគ្នា ក្នុងការតាមប្រមាញ់ និងរុករកចាប់ខ្លួនអ្នកទោសទាំងនោះ ហើយនៅយប់ថ្ងៃទី៩វិច្ឆិកា២០២១ កម្លាំងនគរបាលខេត្ត បានចាប់ខ្លួនបានអ្នកទោស ១នាក់ ក្នុងចំណោមអ្នកទោស ៧នាក់ បញ្ជូនមកពន្ធនាគារខេត្តវិញ។ លោកស្នងការខេត្ត បញ្ជាក់ថា អ្នកទោសម្នាក់ដែលត្រូវចាប់ខ្លួនបាននោះ ឈ្មោះ ទូច វ៉ាត់ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ​ជាជនល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានបញ្ជាក់ទៀតថា ខណៈនេះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បាននិងកំពុងបន្តដាក់ពង្រាយកម្លាំង នៅតាមគោលដៅជាច្រើន ដែលជាគោលដៅ ដែលមានការសង្ស័យថា មានអ្នកទោស ៦នាក់ទៀត កំពុងលាក់ខ្លួន និងបើតាមការពិនិត្យ អ្នកទោសទាំងនោះ ពុំមានស្បៀងគ្រប់គ្រាន់ ក្នុងការពួនសម្ងំ និងលាក់ខ្លួនក្នុងព្រៃបានយូរនោះទេ គឺនៅពេលណាមួយ ក្រុមអ្នកទោសទាំងនេះ នឹងចេញមកភូមិអ្នកស្រុក ដើម្បីរកស្បៀងអាហារជាក់ជាពុំខាន ។

ដូច្នេះ នៅពេលនេះ កម្លាំងសមត្ថកិច្ចខេត្ត ចាប់ខ្លួនអ្នកទោសគ្រឿងញៀនបាន ១នាក់ហើយ និងអ្នកទោស ៦នាក់ទៀត កម្លាំងសមត្ថកិច្ចខេត្ត កំពុងបន្តបើកការស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ និងការរុករក ដើម្បីចាប់ខ្លួនយកមកដាក់ពន្ធនាគារវិញ។

គួររំលឹកថា កាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨វិច្ឆិកា២០២១ កន្លងមកពីរថ្ងៃនេះ មានអ្នកទោសបទល្មើសគ្រឿងញៀន ៦នាក់ និងអ្នកទោសបទល្មើសចោរកម្មមានស្ថានទម្ងន់ទោស ១នាក់ បានធ្វើសកម្មភាពប្រើប្រាស់វត្ថុរឹង និងវាយទម្លុះរបងថ្មគុក លួចរត់ចេញដោយសុវត្ថិភាព។ គុកដែលអ្នកទោសទាំង ៧នាក់ ហែករត់ចេញនោះ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ៕ ដោយ៖ឡុង សំបូរ