ខេត្តកំពត៖ មន្រ្តីនគរបាលការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពតម្នាក់ សង្ស័យតូចចិត្តមានជំងឺរ៉ាំរ៉ៃប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាត ដោយយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ។
ហេតុការណ៍នោះ បានកើតឡើងពីម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងលំនៅឋានមួយកន្លែង ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ័ខេត្តកំពត លោកវរសេនីយ៍ឯក លក ញ៉ាវ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង សារុន ភេទប្រុស អាយុ ៥៦ឆ្នាំ ជានាយរងផ្នែកសរុបរដ្ឋបាល នៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានទីលំនៅ ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
លោកស្នងការរងនគរបាលខេត្ត បានបន្តទៀតថា ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានរកឃើញថា នៅក្បែរសាកសពជនរងគ្រោះ មានអាវុធអាកា ៤៧ ស្វ័យបត់មួយដើម និងឃើញមានស្នាមគ្រាប់ចំនួនពីរគ្រាប់ក្រោមចង្កា ធ្លាយទៅលើក្បាលជនរងគ្រោះ ផងដែរ។
ក្រុមគ្រួសារសពជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កន្លងមកជនរងគ្រោះតែងតែត្អូញត្អែរប្រាប់សមាជិក ក្នុងគ្រួសារថា ខ្លួនពិបាកចិត្ត ដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដោយមហារីកគ្រាប់ឈាម ជាយូរឆ្នាំមកហើយ ទោះបីព្យាបាលយ៉ាងណាក៏មិនជានោះដែរ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួន ឯង ដោយសារតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ