ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១១ ខែ វិច្ឆិកាឆ្នាំ ២០២១ខណៈលោក ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោដែលកំពុង ដំណើរការ សាងសង់ ស្ថិតនៅតាមបណ្តោយ វិថីតេជោក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោកបាន មានប្រសាសន៏ថា រដ្ឋបាលខេត្តខំចំណាយថវិកាក្នុងការធ្វើឡើងយ៉ាងច្រើន ហើយប្រសិនបើមិនបានចូលរួមកសាងសូមមេត្តាកុំបំផ្លាញ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថាកន្លងមកថ្មីៗនេះមានជនខិលខូចបានលួចកត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ ៨៣៥ ដោយយើងបានខិតខំតភ្ជាប់រួចហើយ នៅតែមានអ្នកលួចកាត់ បំផ្លាញ ជាបន្តបន្ទាប់។ដូចនេះលោកសូមអំពាវនាវដល់អ្នកទិញត្រូវបញ្ឈប់ការទិញផលចោរកម្មដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើងហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះវាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋនិងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផងដែរដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុម ហ៊ុនទទួលការសាងសង់ក្រាលក្រានីតត្រូវពន្លឿនក្នុងការងារសាងសង់ឱ្យបានលឿនតាមផែនការស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ ក្នុងកាប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងតម្លើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ហើយបន្ទាប់ពីក្រាលក្រានីតរួចគឺ ដើម្បីមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរដើរលេងកំសាន្ដ និងហាត់ប្រាណតាមបណ្ដោយវិថីតេជោរបស់យើង ។ ព្រោះទីលាននេះសម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិ និងភ្ញៀវបរ ទេសមកលេងកម្សាន្តផងដែរ ៕(ដោយនាគសមុទ្រ)