សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់បានអ្នកទោសគ្រឿងញៀនម្នាក់ទៀត ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត និងក្រោយធ្វើសកម្មភាពហែកគុករត់ចេញនៅ ៥ថ្ងៃមុននេះ

0

ខេត្តស្ទឹងត្រែង៖ អ្នកទោសគ្រឿងញៀនជនជាតិឡាវម្នាក់ទៀត ដែលបានតុលាការខេត្តស្ទឹងត្រែង កាត់ទោសឲ្យជាប់គុកអស់មួយជីវិត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២១ ក្រោយពីអ្នកទោសរូបនេះ និងអ្នកទោស ៦នាក់ទៀត បានធ្វើសកម្មភាពហែកគុករត់គេចខ្លួន កាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១ កន្លងមកនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការចុះចាប់ខ្លួនអ្នកទោសគ្រឿងញៀនជនជាតិឡាវម្នាក់ ឈ្មោះ ចាក់លី ចឺតាលី បាននៅក្នុងភូមិសាស្ត្រ ភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ គិតត្រឹមថ្ងៃ១២វិច្ឆិកានេះ អ្នកទោសទាំង ៧នាក់ ដែលបានធ្វើសកម្មភាពវាយទម្លុះជញ្ជាំងគុកលួចរត់គេចខ្លួននោះ កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង បានតាមចាប់ខ្លួនមកវិញ បាន ៤នាក់ហើយ និងនៅសល់ ៣នាក់ទៀត កំពុងតាមប្រមាញ់ និងចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទោសដែលចាប់ខ្លួនបាននៅថ្ងៃនេះ គឺជាអ្នកទោសទី៤ ឈ្មោះ ចាក់លី ចឺតាលី ជនជាតិឡាវ ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្ត ចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។ រីឯការចាប់ខ្លួនបាននៅក្នុងថ្ងៃនេះ នៅពេលដែលអ្នកទោសរូបនេះ កំពុងធ្វើសកម្មភាពលួចទូកប្រជាពលរដ្ឋ ដើម្បីជិះចាកចេញពីកម្ពុជា ចូលទៅក្នុងប្រទេសជិតខាង ។

គួររំលឹកថា កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចខេត្ត បានបើកប្រតិបត្តិការស្វែងរកចាប់ខ្លួនអ្នកទោសបាន ១នាក់ ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ និងនៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចខេត្ត បានបន្តស្វែងរកចាប់ខ្លួនបាន ២នាក់ទៀត ម្នាក់ឈ្មោះ វ៉ាន់ តូ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ ភីត ងិន ជនជាតិឡាវ និងនៅក្នុងថ្ងៃ១២វិច្ឆិកានេះ ចាប់ខ្លួនបានម្នាក់ទៀត ឈ្មោះ ចាក់លី ចឺតាលី ជនជាតិឡាវ​ ។ ក្រោយការចាប់ខ្លួន អ្នកទោសទាំង ៤នាក់ ត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ ចំណែក អ្នកទោស ៣នាក់ទៀត កម្លាំងសមត្ថកិច្ចចម្រុះខេត្ត កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់ ។

គួរបញ្ជាក់ថា កាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២១ មានអ្នកទោស ៧នាក់ ជាប់ចោទពីបទជួញដូរគ្រឿងញៀន និងបទល្មើសក្នុងអំពើចោរកម្មមានស្ថានទម្ងន់ទោស បានប្រើប្រាស់វត្ថុរឹង ចប ត្រសេះ ដុំឈើ និងភួយ យកមកធ្វើជាឧបករណ៍ វាយទម្លុះរបងថ្មគុក ហែករត់គេចខ្លួន ដែលគុកនោះ មានទៅតាំងនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ក្រោយការត់គេចខ្លួន អ្នកទោសទាំង ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាន ៤នាក់មកវិញហើយ ៕ ដោយ៖ ឡុង សំបូរ