សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់អាវរងារជាច្រើនម៉ឺនអាវ ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង នៅទិសទី១ ប្រសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ រួមនឹងអាជ្ញាធរជាតិ ប្រាសាទព្រះវិហារ ដែលស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអាវរងារពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ដែលជាតំណាង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

អាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលត្រូវនាំយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ បានធ្វើឡើងកាលពីថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០២១ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក​ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ បានថ្លែង ដោយសម្តែង នូវការគោរពដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់ គិតគូរពីភាពសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ទាំងនៅជួរមុខ និងនៅជួរក្រោយ មិនតែប៉ុណ្ណោះ សម្តេច ថែមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ហូបចុក បន្ថែមលើគោលរបប ៣ពាន់រៀល ក្នុង១ថ្ងៃ សម្រាប់កងទ័ពម្នាក់ ថែមទៀតផង។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក​ បានបន្តថា  ការគិតគូរ យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ មកដល់កងកម្លាំងទាំងអស់ ទាំងពេលកន្លងមក និងនៅពេលនេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព ឲ្យកាន់តែមានជីវភាពប្រសើឡើងមួយកម្រិតទៀត។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា កងទ័ពទាំងអស់ បានប្តេជ្ញារួចជាស្រេចដោយឥតងាករេ នូវចិត្តស្មោះត្រង់ បម្រើ និងការពារ សម្តេចទាំងពីរ និងក្រុមគ្រួសារនូវគ្រប់កាលៈទេសៈ ជាពិសេស ត្រូវតែការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ឡុង សំបូរ