កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទរក្សាទុក ប្រើប្រាស់ និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុច.U.T.M.៥០៥.៩៣២,១៥៦.៥៦.៣៦ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នេះបើយោងតាមរបាយការណ៍ហេតុរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននាព្រឹកថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើប្រាស់នូវរថយន្តពីគ្រឿង កម្លាំងសរុបចំនួន៦នាក់។

បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ មានឈ្មោះ សេង ឌីណា (ហៅតាក់) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សែនរុងរឿង១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

រកឃើញវត្ថុតាងមួយរួមមាន៖ ០១/ថ្នាំញៀនប្រភេទម៉ាទឹកកក ពណ៏សថ្លាចំនួន០៨កញ្ចប់តូច ទម្ងន់១,៥២ក្រាម
០២/លុយខ្មែរចំនួន ៣១០០០រៀល និងសម្ភារៈសំរាប់វិចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនផងដែរ។

លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងរៀបចំចងក្រងសំណុំឯកសារ បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕ សួនលីណា