កំពង់ចាម: លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកថវិកា និងសម្ភារមួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ ដែលបានស្លាប់ ដោយករណីរំលោភសម្លាប់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនបន្ថែមម៉ោងត្រៀមប្រឡងបាក់ឌុប ជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ក៏ត្រូវជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅ លន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ ទីបំផុតជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនផងដែរ ។
សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី ៧ ខណៈដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានលើកទឹកចិត្តដល់គ្រួសារសព និងចូលបុណ្យ រួមមាន ថវិកា ៩០ម៉ឺនរៀល អង្ករ ១០០គក្រ និងសម្ភារផ្សេងៗមួយចំនួនផងដែរ ៕





































