ខេត្តព្រះសីហនុផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរាជធានីខេត្ត ឆ្នាំ២០១៩

0

ខេត្តព្រះសីហនុ៖លោក  ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ លោក សូ ជុងហួរ ប្រធានក្រុម ប្រឹក្សា ខេត្ត លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១បាន អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរាជធានីខេត្ត ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមផងដែរពីលោកអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ  ខេត្តកណ្ដាល ខេត្ត តាកែវ ខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង តំណាងអង្គការ UNFPA និងចៅសង្កាត់ទាំង៤ ក្នុងក្រុង ព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ចែក ចេញជា២ក្រុង និង៣ស្រុក មាន ២៣ឃុំ និង ៦សង្កាត់ ស្មើនឹង ១១១ភូមិ។ រាជរដ្ឋាភិបាលបានកំណត់ ក្នុង ផែន ការរៀបចំដែនដីខេត្តចក្ខុវិស័យឆ្នាំ២០៣០គឺរៀបចំនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយ

ចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែល ស្អាត បំផុត លើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈម ណ្ឌលកំណើន ជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈ មណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អ ប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិតំបន់ និងអន្តរជាតិ។ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា ” តារារ:នាទិសនារតី ” ជាមួយសន្ទុះនៃការអភិវឌ្ឍ ដ៏ខ្លាំង ក្លាប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារ ស្នាក់នៅរួមសណ្ឋាគារ មណ្ឌលកម្សាន្ត ។ល។ ក្រៅពីនោះខេត្តមានកោះតូចធំចំនួន៣២កោះ រមណីយដ្ឋាន ធម្ម ជាតិដ៏ស្រស់ស្អាតចំនួន៣២កន្លែង កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនផ្លូវដែកនិង តំបន់សេដ្ឋកិច្ចពិសេសព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែបអំណោយផលដល់ការវិនិយោគលើគ្រប់វិស័យ។

លោក  ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ មានប្រសាសន៍បើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាពលរដ្ឋរាជធានីខេត្តឆ្នាំ២០១៩ លទ្ធផលចុងក្រោយ នៃការគិតខំរបស់មន្ត្រីត្រួតពិនិត្យនិងមន្ត្រីសម្ភាសន៍ចំនួនប្រមាណជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥លានគ្រួសារ នៅក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃនិងវិភាគទិន្នន័យដោយសហការជាមួយមន្ត្រីបច្ចេកទេសនិងអ្នកជំនាញការអន្តរជាតិបានបញ្ចប់ទាន់ពេលវេលា។ យើងដឹងហើយថាជំរឿនប្រជាជន និងលំនៅដ្ឋានជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋ កិច្ចសង្គមកិច្ចនិងវប្បធម៌រហូតដល់កំរិតភូមិ។លទ្ធផលជំរឿនទូទៅប្រជាជនដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះមានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាលស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដែលបានដាក់ចេញជាពិសេសសម្រាប់ជាព័ត៌មានប្រើប្រាស់របស់ខេត្តផ្ទាល់។រាជរដ្ឋាភិបាលបានធ្វើកិច្ចការជាច្រើនដើម្បីកំណើនសេដ្ឋកិច្ចនិងវិបុលភាពរបស់ប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រនិងទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ទេសរដ្ឋមន្ដ្រី បានបន្តថាលទ្ធផលចុងក្រោយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនខេត្ត ព្រះសី ហនុ មានចំនួន ៣១០,០៧២នាក់ កើនឡើង ២២១,៣៩៦នាក់ នៅឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន៣,១ ភាគរយ នៅឆ្នាំ២០១៩។ ខេត្តព្រះសីហនុ រាប់បញ្ចូលជនបទេសមានជាង ៨ម៉ឺននាក់ផងដែរ។ ដង់ស៊ីតេប្រជាជន ក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើង ១១៤នាក់ ក្នុងឆ្នាំ២០០៨ ទៅ ១៦០នាក់ នៅឆ្នាំ២០១៩។ អត្រាចេះអាន និងសរសេរ ប្រជាជនខេត្តព្រះសីហនុសរុបចាប់ពីអាយុ ៧ឆ្នាំឡើង បានកើនឡើងពី ៨០,៧ភាគរយក្នុងឆ្នាំ២០០៨  ដល់ ៨៩,៩ភាគរយ នៅឆ្នាំ២០១៩។ គម្លាតនៅតិចតួចរវាងអត្រាអក្ខរភាពបុរសនិងស្ត្រី មាន៩១,៧ភាគរយ សម្រាប់បុរស និង ៨៦,៩ភាគរយសម្រាប់ស្ត្រី។

ជសាមួយគ្នានេះលោកទេសរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ថា យើងត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាតិ ដែលជាទិន្នន័យមានគុណភាពល្អ ទុកចិត្តបាន ឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ ការសម្រេច នានាដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត។ យកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សំបូរបែប ធានាឆ្លើយតបសេចក្តីត្រូវការការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សា ស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិ តាមដែលអាចធ្វើបាន៕(ដោយនាគសមុទ្រ)