អភិបាលខេត្តស្ទឹងត្រែង ជំរុញសមត្ថកិច្ចបន្តស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវ ចូលមកកម្ពុជា ដែលមានទម្ងន់ជាង ១៦៦គីឡូក្រាម

0

ខេត្តស្ទឹងត្រែង៖ ការជំរុញរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានធ្វើឡើងនៅរសៀលថ្ងៃទី២៥វិច្ឆិកានេះ ក្នុងពេលដែលលោក បានអញ្ជើញត្រួតពិនិត្យ ហែកកញ្ចប់ វាស់ថ្លឹង និងវេចខ្ចប់គ្រឿងញៀន ដែលបានមកពីការបង្ក្រាប នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ចំនួន ១០ការ៉ុង ស្មើនឹង ១៧០កញ្ចប់ធំ កាលពីម៉ោងជាង ៦ល្ងាច ថ្ងៃទី២៤វិច្ចិកាឆ្នាំ២០២១ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

នៅក្នុងការត្រួតពិនិត្យគ្រឿងញៀនទាំង ១៧០កញ្ច់ធំនោះទៀត ក៏មានការចូលរួមពិនិត្យពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ្ត ,ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ផងនោះដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានកោតសរសើរដល់កម្លាំងនគរបាលខេត្តស្ទឹងត្រែង ដែលបានខិតខំរួមគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែន ដែលមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ លោកអភិបាលខេត្ត ក៏បានជំរុញមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឲ្យខិតខំបន្ថែមទៀត ក្នុងការសហការរួមគ្នា ដើម្បីបើកការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាឧក្រិដ្ឋជនជួញដូរគ្រឿងឆ្លងដែន ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ជាករណីតាមប្រមាញ់ ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន តែដោយសារឧក្រិដ្ឋជន ហាក់បីដូចដឹងខ្លួនមុន ត្រូវបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាងគ្រឿងញៀន នៅមុនពេលសមត្ថកិច្ចទៅដល់។

លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ក្នុងខណៈដែលកម្លាំងនគរបាលការពារព្រំដែន ចុះល្បាតតាមដងទន្លេ តាមប្រមាញ់ និងបានប្រទះឃើញទូកមួយគ្រឿង បើកបរចេញពីចំណុចខាងលើ (កោះស្តាំ) ឧក្រិដ្ឋជន សង្ស័យឃើញកម្លាំងសមត្ថកិច្ចត្រៀមចាំបង្រ្កាប ពួកគេបានរត់គេចខ្លួន ដោយបន្សល់ទូក១គ្រឿង និងគ្រឿងញៀន ១០ការ៉ុងនៅលើកទូក ។

លោកស្នងការខេត្ត បញ្ជាក់ទៀតថា ក្រោយការបង្ក្រាប សមត្ថកិច្ចបានរឹបអូសវត្ថុតាង រួមមាន ៖ ទូកម៉ាស៊ីន ១គ្រឿង និងគ្រឿងញៀន ១៧០កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលវរ:ការពារព្រំដែន ៧០១ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់។

ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំខេត្តនោះមក មន្ត្រីនគរបាលជំនាញ បានធ្វើតេស្តរកឃើញថា វត្ថុតាងម្សៅក្រាមដែលរឹបអូសបានទាំង ១៧០កញ្ចប់ធំនោះគឺជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក មានទម្ងន់ស្មើនឹង ១៦៦គីឡូក្រាម និង ៩០៦ក្រាម ។ ខណៈនេះ គ្រឿងញៀនទាំងជាង ១៦៦គីឡូក្រាម កំពុងស្ថិតក្រោមការគ្រប់គ្រង ពីកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ២០២១ នៅវេលាម៉ោងជាង ៦ល្ងាច ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនចំនួន ១០ការ៉ុង ស្មើនឹង ១៧០កញ្ចប់ធំ ​តាមទូក ចេញពីចំណុចកោះស្ដាំ នៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ ចូលមកចំណុចកោះល្ង ស្ថិតក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែន ខេត្តស្ទឹងត្រែង។

ក្នុងពេលកំពុងលើកគ្រឿងញៀនចេញពីទូក កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៧០១ បានប្រទះឃើញ និងធ្វើការបង្ក្រាប និងរឹបអូសបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ទាំងយប់ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ឡុង សំបូរ