កាកបាទក្រហមនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចែកជួន ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៣គ្រួសាររស់នៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បាន ដឹកនាំ សមាជិកគណៈកម្មាធិការសាខា មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត និងមន្ត្រីមូលដ្ឋាន ចុះសួរសុខ ទុក្ខព្រមទាំងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៣គ្រួសារ ដែលស្ថិតនៅក្នុងក្រុមទី២៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងនោះមួយគ្រូសារទទូលបាន៖-អង្ករ ២៥គីឡូក្រាម-មី ១កេស-ត្រីខ ១យួរ-ទឹកត្រី ១យួរ-ម៉ាស់ ១ប្រអប់-ឃីតចំនួន១ មាន(ភួយ១ មុង១ សារុង១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀលផងដែរ។

លោក  គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរ សុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះផងដែរលោក គួច ចំរើន បានមានប្រសាសន៍ និងអំពាវនាវសុំឱ្យក្រុមគ្រួសារទាំងអស់ ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ផ្លាស់ ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ ហើយមានអនាម័យ ជា ប្រចាំដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឬអាកុលជែលនិងត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេសស្ដាប់អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖(៣កុំ)(៣ការពារ)៕

(ដោយនាគសមុទ្រ)