កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀនកែច្នៃជិត ២៥គីឡូក្រាម នៅរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ៖ ជនសង្ស័យកែច្នៃគ្រឿងញៀន ៣នាក់ ត្រូវបានឃាត់ខ្លួន និងថ្នាំញៀនប្រមាណ ២៥គីឡូក្រាម បានរងការបង្ក្រាប និងរឹបអូសពីកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះទៀត ក៏ត្រូវបានគេឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានអនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និង  នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី កម្លាំងស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និងមានការសម្របសម្រួលពី លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ផងនោះដែរ។

មន្ត្រីនគរបាលនៅក្នុងការបង្ក្រាបគ្រឿងញៀននេះ បានឲ្យអ្នកសារព័ត៌មានដឹងថា នៅក្នុងការចុះបង្ក្រាបគ្រឿងញៀននោះ កម្លាំងបង្ក្រាបបានចុះស៊ើបអង្កេត ស្រាវជ្រាវនៅលើគោលដៅពីរផ្សេងគ្នា គឺ ១.នៅផ្លូវលេខ ១០៥  ជិតផ្សារបឹងត្របែក ( ផ្លាស្សា ) ស្ថិតក្នុង សង្កាត់បឹង ត្របែង ខណ្ឌចំការមន  និង ២.ផ្ទះលេខ ៩៩  ផ្លូវ ១៤៦  ក្រុម ៣  ភូមិ ២  សង្កាត់ ផ្សារដេប៉ូ ២  ខណ្ឌទួលគោក  រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាលបានបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ១- ឈ្មោះ តាំង លាក ភេទប្រុស អាយុ ៦០ឆ្នាំ ខ្មែរ ។  ២- ឈ្មោះ GOH SEOW SIAN  ភេទប្រុស កើតឆ្នាំ ១៩៥៣  ជនជាតិសិង្ហបុរី កាន់លិខិតឆ្លងដែន លេខ K0447332B និង ៣- ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចបានចាប់យកវត្ថុតាងថ្នាំញៀន ៣ប្រភេទ ក្នុងនោះ រួមមាន៖ ១.អ៊ិ ចស្តាស៊ី (MDMA) មានទម្ងន់ ២៤ គីឡូក្រាម និង៤២ ក្រាម ,២.កេតាមីន (KETAMIN) មានទម្ងន់១១៨ក្រាម និង៣៩មីលីក្រាម និង ៣.កាទីណូន (4CEC) មានទម្ងន់ ១៧០ក្រាម និង៥១ មីលីក្រាម សរុបសារធាតុញៀនទាំង ៣ប្រភេទ មានទម្ងន់សុទ្ធ  ២៤ គីឡូក្រាម និង ៣៣០.៩០ក្រាម ,សារធាតុផ្សំ ១ គីឡូក្រាម ០១០.១១ក្រាម ,ជញ្ជីងថ្លឹង ៥ គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ ថែមទៀត។ ខណៈនេះ ជនសង្ស័យទាំង៣នាក់ រួមទាំង វត្ថុតាងថ្នាំញៀនទាំងជិត ២៥គីឡូក្រាម កំពុងស្ថិតក្រោមការគ្រប់គ្រងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ  ដើម្បីចាត់ការទៅតាម នីតិវិធី ៕