រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីប្រតិស្ឋអធិដ្ឋាន សិលាបណ្តាសាចំនួន០៣នៅតាមបណ្តោយឆ្នេរសមុទ្រ

0

ខេត្តព្រះសីហនុ៖ លោកណសូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ  លោក  លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នារសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១បានដឹក នាំមន្ត្រី រាជការក្រោមឱវាទរៀបចំពិធីប្រតិស្ឋអធិដ្ឋាន សិលា បណ្តាសា ចំនួន ០៣ទីតាំងតាមបណ្តាយឆ្នេរសមុទ្រ តំបន់ ឆ្នេរអូរ ឈើទាលនិង ឆ្នេរឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាការតម្កល់ សិលាចារឹកបណ្តា សានៅតាមឆ្នេរខេត្តព្រះសីហនុ ជាប្រការមួយដែលបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋ ប្រកាសប្រាប់ដល់សាធារណ ជនបាន ជ្រាបអំពីការគិតគូដល់ប្រយោជន៍សាធារណៈដែលកន្លងមកតែងមានការកេងប្រវញ្ច រំលោភបំពាន ធ្វើ ឱ្យបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។ម៉្យាងវិញទៀតដីឆ្នេរមួយភាគត្រូវបានទទួលមកវិញដោយការបរិច្ចាគពីម្ចាស់ទ្រព្យដែលបានបង្ហាញពីការចូលរួមដោយពេញលេញជាមួយនឹងការអភិវឌ្ឍសង្គមហើយអ្នកទាំងនោះក៏តែងមានការព្រួយបារម្ភផងដែរដោយខ្លាចក្រែងទ្រព្យទាំងនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃវិញទើបការសាងសិលាចារឹកបណ្តាសានេះ ធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋ ដើម្បីបម្រើដល់ប្រយោជន៍មហាជន។ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញជាច្រើនដើម្បីកសាងបាននូវសមិទ្ធិផលទាំងអស់នេះទុកជាប្រយោជន៍ សាធារណៈបានយូរអង្វែងតទៅ  និងសូមដាក់បណ្តាសាសម្រាប់ជនទាំងឡាយណា ដែលមានចេតនា ប៉ុនប៉ង បំភ្លេចបំផ្លាញធ្វើឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់នេះសូមត្រូវបណ្តាសាដែលមាន ចារឹកក្នុងផ្ទាំងសិលា នៅទីនេះ។

លោក អភិបាលខេត្តបន្តថា សមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមឧប នាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ទុក ឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ។

គួរបញ្ជាកើផងដែរថា អ្វីទៅជាបណ្តាសា?  យោងតាមវចនានុក្រមខ្មែរ បានពន្យល់ថា ជាពាក្យផ្តន្ទា ពាក្យ ជេរប្រទេច ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច។ ពាក្យបណ្តាសានេះត្រូវនឹងពាក្យប្រើក្នុងសិលាចារឹក បុរាណ ថា គាប, សាប ឬ សាបថ ពាក្យនេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរបុរាណ។ គេឃើញវត្ត មានពាក្យ បណ្តាសា  មាននៅក្នុងសិលាចារឹកបុរាណតាំងពីស.វ.ទី៧មក ហើយពាក្យ បណ្តាសានេះ ត្រូវបាន ប្រើយ៉ាងទូលំទូលាយបំផុតនិងមានសិលាចារឹកជាច្រើនត្រូវបានបញ្ចប់ដោយពាក្យបណ្តាសាដើម្បីថែរក្សារបស់ទ្រព្យសាធារណៈឱ្យគង់វង្សនិងគោរពដល់អ្នកដែលបានបរិច្ចាគធនធាននិងកម្លាំងដើម្បីសាងរបស់នោះជាប្រយោជន៍ទើបគេដាក់បណ្ដាសាដល់បុគ្គលឬក្រុមណាដែលបំពានធ្វើឱ្យខូចប្រយោជន៍សាធារណៈ។ប៉ុន្តែនៅសម័យបុរាណពាក្យថា គាប ឬ សាប ឬ សាបថ ដែលប្រែថាបណ្តាសា មិនមានតម្លៃស្មើនឹងពាក្យជេរប្រទេចផ្តាសានោះទេ តែមានតម្លៃជាក្រមសីលធម៌សង្គមនាសម័យកាលនោះតែប៉ុណ្ណោះ ហើយពាក្យបណ្តាសាត្រូវបានគេចារឹកឡើង ដើម្បីធ្វើជាសេចក្តីប្រកាសប្រាប់ដល់ជនានុជននានា កុំឱ្យប្រព្រឹត្តបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬរបស់ ប្រាសាទជាដើមជាការប្រកាសដោយម៉ឺងម៉ាត់ដាច់ខាតប្ដឹងប្រាប់ដល់ធម្មជាតិមនុស្សទេវតាបារមីនិងវត្ថុស័ក្តិសិទ្ធទាំងឡាយ ឱ្យបានដឹង និងជាការដាក់ទោសទណ្ឌតាមបែបធម្មជាតិបើសិនបុគ្គលណាដែលបំពាន ផ្ទុយទៅវិញ ក៏ឱ្យពរជ័យចំពោះនរជនណាដែលចូលរួមថែរក្សា អភិវឌ្ឍទ្រព្យសម្បត្តិសាធារណៈទាំងនោះ ឱ្យបានចម្រើនរុង រឿងគង់វង្សឡើងជាដរាបដែរ។ពាក្យបណ្តាសាសម័យបុរាណត្រូវបានគេសសេរឡើងដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីអំពើបាប ត្រូវលះបង់សូម្បីតែព្រះរាជាក៏ត្រូវអនុវត្តដូចជាប្រជាជនទូទៅដែរ។ ចំពោះអំពើបាបវិញ មិនមែនបាប តែអ្នកប្រព្រឹត្តនោះទេ អ្នករួមគំនិត ក៏ត្រូវទទួលបាបកម្មដែរក្នុងសិលាចារឹកមានបញ្ជាក់ដល់ម្តាយឪពុកក៏មានបាប ដោយមិនបានប្រៀនប្រដៅកូនឱ្យបានល្អ។ចំពោះអ្នកដែលបំពាននឹងត្រូវទទួលទោសទណ្ឌគឺជាច្បាប់របស់ប្រទេសតាមផ្លូវលោក ហើយនឹងទទួលនូវអំពើបាបផ្សេងៗ ជាច្បាប់នៃសាសនាតាមផ្លូវព្រះធម៌ផងដែរ។ពិធីប្រតិស្ឋ អធិដ្ឋាន សិលាបណ្តាសានៅពេលនេះ ជាការតាំង ឬតម្កល់ផ្ទាំងសិលាចារឹកដែលមាន ពាក្យផ្តន្ទា ចារឹកលើផ្ទៃ ផ្ទាំងសិលា ឱ្យស្ថិតនៅ ឱ្យតាំងនៅយូរអង្វែងកុំឱ្យសេចក្តីវិនាសទាំងឡាយមានវិនាសដោយសារគេបំផ្លាញជាដើម និងតាំងជាវត្ថុស័ក្តិសិទ្ធិ យូរអង្វែងក្នុងទីឋាននេះ មិនឱ្យមានអ្នកលួច ឬអ្នកបន្លំ៕

(ដោយនាគសមុទ្រ)