ខេត្តស្ទឹងត្រែង៖ យ៉ាងហោចមានមនុស្សប្រុសស្រី ៤នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀត ដែលជាអ្នកបើកបររថយន្ត បានរងរបួសជាទម្ងន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត ១គ្រឿង បានបើកបុកគោយន្តកន្ត្រៃពីក្រោយ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ៣០វិច្ឆិកា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៧៨ ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិសាស្រ្ត ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នៅក្នុងរបាយការណ៍ នគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានសរសេរបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមនុស្សប្រុស ស្រី ៤នាក់ស្លាប់ក្នុងពេលតែមួយ និងតៃកុងរថយន្តម្នាក់រងរបួសនោះ គឺមកបណ្តាលមកពីអ្នកបើកបររថយន្ត បើកបុកគោយន្តកន្ត្រៃពីក្រោយ ខណៈដែលគោយន្តកន្ត្រៃនោះ មិនមានបំពាក់ភ្លើងស្តុបពីក្រោយ សម្រាប់ឲ្យដឹងជាសញ្ញានោះឡើយ។
ចំណែក រថយន្តដែលបើកបុកគោយន្តកន្ត្រៃ ១គ្រឿងនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BN-៧២១៤ បើកបរដោយ ឈ្មោះ សាន វ៉ាន់ឌី នៅខណៈនោះ អ្នកបើកបររយន្តបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ រីឯ អ្នករួមដំណើរពីរនាក់ទៀត បានស្លាប់ភ្លាៗនៅកន្លែងកើតហេតុ គឺ ១-ឈ្មោះ ជឹម សុភារ៉េត ភេទប្រុសអាយុ ១៥ ឆ្នាំ មុខរបរសិស្ស ,២- ឈ្មោះ ស៊ីម ស្រីឌឿន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុនកាពីតូល ជនរងគ្រោះទាំង ២នាក់ រស់នៅភូមិត្បូងភ្នំ ឃុំតាងក្រាង ស្រុកបាធាយ ខេត្តកំពង់ចាម។
ដោយឡែក អ្នកបើកបរគោយន្តកន្ត្រៃ និងអ្នករួមដំណើរ បានស្លាប់ទាំងពីរនាក់ ជនរងគ្រោះទាំងពីរ ១-ឈ្មោះ ឡាយ សុខវ៉ាត ភេទប្រុស អាយុ ២៥ឆ្នាំ ,២-ឈ្មោះ ឡាយ លាភ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាអ្នកបើកគោយន្តកន្ត្រៃ អ្នកទាំងពីរជាបងប្អូនបង្កើត និងមានមុខរបរកសិករ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
នៅក្នុងហេតុការណ៍នោះ កម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត បានចុះពិនិត្យពីស្ថានភាព នៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍នោះ ហើយបានធ្វើការវាស់វែង រួចបញ្ជូនមធ្យោបាយរថយន្ត និងគោយន្តកន្ត្រៃយកទៅរក្សាទុក។ ចំណែក សាកសពជនរងគ្រោះទាំង ៤នាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេធ បានជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីដឹកអ្នករងរបួសទៅសង្គ្រោះភ្លាមៗ ផងដែរ ៕