(ខេត្តកែប)៖ បុរសពីរនាក់ដែលគេស្គាល់ជាអ្នកនេសាទក្នុងសមុទ្រ ត្រូវសមត្ថកិច្ចផ្នែកគ្រឿងញៀនចាប់ឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងករណីជួួញដូរគ្រឿងញៀនខុសច្បាប់ ដោយការបង្ក្រាបនេះសមត្ថកិច្ចក៏បានដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។
យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងបានអនុវត្តតាមបទបញ្ជានិងក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សូ បញ្ញា បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយដកហូតវត្ថុតាងមួយចំនួននិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖
១-ឈ្មោះ កើត រ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ ញ៉ែត តី ភេទប្រុស អាយុ៣៦ឆ្នាំ ជនសង្ស័យទាំងពីរនាក់ជាកម្មករនេសាទ រស់នៅភូមិភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
- ចំពោះករណីនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ សេង ណារិទ្ធ








































