ខេត្តសៀមរាប ÷ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញជាអធិបតីភាព ពីសំណាក់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពី លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម
ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្ត សៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ផងដែរ។
ក្រៅពីពិធីបួងសួងដែលធ្វើតាមពិធីសាសនាដ៏ធំមួយ នៅបរិវេណមុខប្រាសាទអង្គរវត្ត ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១០៨ ថែមទៀតអង្គ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណជនចូលរួមក្នុងពិធីរាប់បាត្រឱ្យបានច្រើនកុះករ។
សូមជម្រាបថា ពិធី”រំលឹកគុណអង្គរ”មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៌ ស្តីពីសមិទ្ធផលរយៈពេល ២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី សម្រាប់ការកម្សាន្ត ផងទផត៕







































