ខេត្តព្រះសីហនុ៖សំរាមជាកាកសំណល់បន្សល់ពីការប្រើប្រាស់របស់យើងជារៀងរាល់ថ្ងៃ ដោយសារមានកំណើន ប្រជាពលរដ្ឋ កំណើនអ្នកវិនិយោគ និងអាជីវកម្មផ្សេងទៀត ធ្វើឱ្យកាកសំណល់មានការកើនឡើងជាបន្តបន្ទាប់ តម្រូវឱ្យមានការគិតគូរពីយុទ្ធសាស្ត្រ ចក្ខុវិស័យ ដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនទីលានបន្ថែម ទៀតថែមក្នុង ព្រះរាជាណាចក្រកម្ពុជា។ក្នុងនោះខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ។
លោក យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយ៍ផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង បានលើកឡើងពីដំណើរទស្សនកិច្ចសិក្សានៅស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រៅពីទីលានចាក់សំរាមខេត្តព្រះសីហនុ មានលក្ខណៈបច្ចេកទេសរបៀបនេះ នឹងគ្រោងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តដ៏ទៃទៀតជាជំហានៗក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ ការរៀបចំបង្កើតទីលានទុកដាក់សំរាម សំណល់រឹងជាគោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការគ្រប់គ្រងកាក សំណល់សំរាមឱ្យបានល្អ ដែលជាផ្នែកមួយនៃគោលនយោបាយជាតិ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងការអភិវឌ្ឍទីប្រជុំជនប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បិទសិក្ខាសាលាទស្សនកិច្ច និងដកស្រង់ បទ ពិសោធន៍នៅទីលានទុកដាក់សំរាម សំណល់រឹង និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីនៅខេត្តព្រះសីហនុ ក្នុង គោលបំណងលើកកម្ពស់ការស្វែងយល់នូវបទដ្ឋានបច្ចេកទេសក្នុងការប្រតិបត្តិការទីលាន ព្រមទាំងការគ្រប់ គ្រងការប្រមូល និងការដឹកជញ្ជូន ការទុកដាក់សំរាមសំណល់រឹង និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ឆ្លើយ តប នឹងកំណើនប្រជាជន ភ្ញៀវទេសចរណ៍ និងល្បឿននៃការអភិវឌ្ឍន៍របស់ខេត្តព្រះ សីហនុ ទទួលបានទីលាន ចាក់សំរាមដែលបំពាក់ដោយឧបករណ៍និងបច្ចេកវិទ្យាទំនើបក្នុងការបែងចែកគ្រប់គ្រងនិងកែច្នៃសំរាមដំបូងបង្អស់នៅកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងខេត្តព្រះសីហនុ ពីក្រសួងបរិស្ថាន ដែលសិក្សាដោយ ADB ក្រោមជំនួយ បច្ចេកទេសពីក្រសួងសាធារណៈការ នឹងទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ត្រូវបានរចនាឡើងសម្រាប់ទីក្រុងទំនើប ផ្តោតលើគុណភាព ភាពធន់នឹងអាកាសធាតុ និងផ្ដល់ជាអទិភាពទៅលើផ្លូវថ្មើជើង ផ្លូវជិះកង់ សួនជំរាបទឹក-ធម្មជាតិតាមដងផ្លូវ ផ្លូវដែលមិនរំខានដល់ទេសចរណ៍តំបន់ឆ្នេរ និងផ្លូវដើរដែលមានមេត្រីភាពរវាងមនុស្ស-ធម្មជាតិ និងផ្លូវរថយន្ត ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍន៍មួយដ៏សំខាន់ជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០។ សមិទ្ធផលទាំងអស់នេះ បាន មកពីការដឹកនាំដ៏ត្រឹមត្រូវនិងមានការចង្អុលបង្ហាញទិសដៅដ៏ច្បាស់លាស់និងម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសម្រួលលំហូរចរាចរណ៍នៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទាក់ទាញទេសចរជាតិ និងទេសចរបរទេស បង្កើនមុខរបរ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក នឹងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម។
គួបញ្ជាក់ផងដែថាសិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP បានរៀបចំឡើង នៅសាលប្រជុំសាលាខេត្ត ព្រះសីហនុ ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២១៕(ដោយនាគសមុទ្រ)