ខេត្តព្រះសីហនុបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬហៅដុសជម្រុញជូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

0

ខេត្តព្រះសីហនុ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើម ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១  ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបាន រៀបចំទីតាំង ចំនួន១០ រូមមាន ក្រុងព្រះសីហនុ មាន ២ទីតាំង .សាលា បច្ចេក ទេសដុនបូស្កូ និង.សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា ជប៉ុន ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះ សីហនុ។ ស្រុកព្រៃនប់មាន ៨ទីតាំង វត្តស្មាច់ដែង (ឃុំរាម) វត្តអូរចំណារ (ឃុំឧកញ៉ាហេង) វត្តវាលមាស (ឃុំវាល រេញ)  វត្តសុវណ្ណគង្គារ (ឃុំសាមគ្គី) វត្តសារាយអណ្ដែត (ឃុំជើងគោ) វត្តសុវណ្ណគីរីវ័ន្ត (ឃុំតានៃ) តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ (ឃុំបិត្រាំង) តំបន់សេដ្ឋកិច្ចពិសេសចេជាង(ឃុំជើងគោ) ។ ស្រុកកំពង់សីលាមាន ៤ទី តាំង វត្តស្ទឹងឆាយ (ឃុំស្ទឹងឆាយ) វត្តភ្នំក្អោង (ឃុំចំការហ្លួង) វត្តឧត្តមមុនី្នវង្សកំពង់សីលា (ឃុំកំពង់សីលា) និងវត្តសំរោងប្រសិទ្ធិវង្ស (ឃុំអូរបាក់រទេះ)។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុខណៈលោក បានដឹកនាំមន្ត្រីក្រោម ឱវាទ ចុះពិនិត្យ សកម្មភាពចាក់វ៉ាក់សាំងលោក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងការចូលរួមពីក្រុមគ្រូពេទ្យ របស់កងយោធពលខេម រភូមិន្ទនិងការសម្របសម្រួលដោយមន្ត្រីនៃមន្ទីរការងារនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើនទៀតដែលបានចុះជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបន្តចាក់ដូសជម្រុញជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់គ្នា ដើម្បី បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងធ្វើឱ្យកម្ពុជាបានប្រកាសបើកសេដ្ឋកិច្ចសង្គម និងបើកប្រទេសឡើងវិញ។

លោកគួច ចំរើន បានបន្ថែមថាបងប្អូនបានឃើញហើយនូវអ្វីដែលជាសកម្មភាពនៃការ យកចិត្តទុក ដាក់ របស់សម្ដេចតេជោដើម្បីបុព្វហេតុនៃការការពារសុខមាលភាពសាធារណៈជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលសម្ដេចបានប្រឹងប្រែងតាំងពីការដាក់ចេញនូវវិធានការនានា ការដោះស្រាយបញ្ហា ប្រឈមការងារសង្គមកិច្ចការងារប្រតិបត្តិការទប់ស្កាត់ប្រយុទ្ធប្រឆាំងនិងកិច្ចការដែលមានសារៈសំខាន់បំផុតនោះគឺការ ស្វែងរកវ៉ាក់សាំង និងចាត់ចែងវិធានការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ មកដល់ បច្ចុប្បន្ននេះបើទោះបីជាកម្ពុជាជាប្រទេសដែលទើបឆ្លងកាត់ដំណាក់កាលក្រីក្រនិងជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ទាបក៏ដោយ ប៉ុន្តែចំពោះការដោះស្រាយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ កម្ពុជាបានដើរ មុនគេ អាចថាជាប្រទេសដែលមានកម្រិតនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន បានល្អ និងមាន យុទ្ធសាស្ត្រត្រឹមត្រូវ។ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែទោះបីព្រឹត្តិការណ៍នេះត្រូវបានបិទបញ្ចប់ ក៏កិច្ចខិតខំប្រឹង ប្រែងរបស់សម្ដេចតេជោ រួមជាមួយមន្ត្រីរាជការពិសេសក្រុមគ្រូពេទ្យនៅតែបន្តបេសកកម្មទៅមុខទៀត ដែលនេះគឺជាការទទួលខុសត្រូវដ៏ពិតប្រាកដរបស់សម្តេចតេជោនៅក្នុងបុព្វហេតុនៃការការពារសុខមាលភាពជូនដល់ប្រជាពលរដ្ឋ ជនរួមជាតិកម្ពុជារបស់យើង។

 

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវបងប្អូនប្រជា ពលរដ្ឋ សូមមេត្តាមកចូលរួមទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីបង្កើតភាពសុំាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ឱ្យបានគ្រប់គ្នាៗ ហើយក្រុមគ្រូពេទ្យរបស់យើង មានកងទ័ព ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល យោធាខេត្ត បន្ត ចាក់វ៉ាក់សាំងដូសទី៣ ដោយឥតគិតថ្លៃ និងចូលរួមអនុវត្ត៣.ការពារ ៣.កុំ គម្លាតសុវត្ថិភាព ការចូល រួមរបស់ បងប្អូន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបានពិតប្រាកដទាំងអស់គ្នា៕

(ដោយនាគសមុទ្រ)