ឯកឧត្តមអភិបាលខេត្តស្វាយរៀងអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០២១ នៅមណ្ឌលវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃចន្ទ ០៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។ យោងតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជននិងកីឡា ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៣.៨១១នាក់ ស្រី ១.៩២៤នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ០២មណ្ឌល (មាន៣៣បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ បឋមសិក្សា ហ៊ុន សែន កន្ទុយវ៉ៃ ។ ថ្នាក់វិទ្យាសាស្ត្រ សង្គម មានបេក្ខជនចំនួន ៣.០០៨នាក់ ស្រី១.៤៤២នាក់ ចែកចេញជា ០៥មណ្ឌល (មាន ១២១បន្ទប់) រួមមាន៖ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលសាលាបឋមសិក្សា ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្តិការខេត្ត៕គឹមសេង