ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 27 ខែធ្នូឆ្នាំ 2021 នេះក្រុមការងារអន្តរក្រសួង រួម មានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទៅពិនិត្យវាយតម្លៃ ទីតាំងនិងសំណង់អាគារពន្ធនាគារថ្មី ដើម្បីត្រៀមនឹងប្រគល់ទទួលក្នុងពេលខាងមុខនេះ ។
ក្រោយកិច្ចត្រួតពិនិត្យនិងវាយតម្លៃក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំនៅសាលាខេត្ត ដើម្បីពិភាក្សាគ្នាមុនឈានដល់ការសម្រេចប្រគល់និងទទួល ។
លោក មុ៉ន វុត្ថាមន្ត្រីសាលាខេត្តកំពង់ឆ្នាំង ដែលទទួលការងារ ជាមួយអភិបាលខេត្តចាស់ ក្នុងការសាងសង់ ពន្ធនាគារថ្មី បានរាយការណ៍ថា ពន្ធនាគារថ្មី បានកសាងដោយក្រុមហ៊ុនអាស្នារឹត លើផ្ទៃដីទំហំ ជាង១០ហិកតា ដែលត្រូវចំណាយថវិកាសរុបមានចំនួន ជាង៣ លាន ២០០ពាន់ ដុល្លារ លើទីតាំង ក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូលស្រុករលាប្អៀរ ដោយត្រូវចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី 30 ខែមេសាឆ្នាំ 2020 គ្រោងនឹង បញ្ចប់ការសាងសង់នៅថ្ងៃទី 30 ខែមេសាឆ្នាំ 2021ប៉ុន្តែដោយសារបញ្ហាកូវីដ19 ទើបការសាងសង់ បានអូសបន្លាយមកបញ្ចប់ក្នុងថ្ងៃនេះ ដែលក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃ មុននឹងឈានចូលដល់ការប្រគល់ទទួលឲ្យប្រើប្រាស់ក្នុងថ្ងៃខាងមុខ។
ក្នុងនោះ លោក ម៉ុន វុត្ថា បានបញ្ជាក់ថា ពន្ធនាគារថ្មី នេះបានដោះដូរជាមួយដីបម្រុងទុករបស់រដ្ឋ ៣កន្លែង គឺ១.ដីបម្រុងទុករបស់សាលាខេត្ត ទី២ .ដីអាគារពន្ធនាគារចាស់ និងទី៣ ដី ការិយាល័យពន្ធនាគារចាស់ ស្ថិតនៅក្នុងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង ។
ក្រុមការងារអន្តរក្រសួងនៅក្នុងកិច្ចប្រជុំនោះដែរក៏បានវាយតំលៃនិងសំណូមពរបន្ថែម ដល់ក្រុមហ៊ុនត្រូវ សាងសង់បន្ទប់ទឹកនៅសាលប្រជុំចំនួន ៥ បន្ថែមថែម ទៀត ព្រោះការសង់សង់មានតែ៣ បន្ទប់ មិនអាចបំរើសេចក្តីត្រូវការនោះទេនឹងត្រូវសាងសង់ឡាបូ លាងដៃបន្ថែមផងដែរ សូមលាបថ្នាំ តាមបង្អួច ទ្វារ ក្នុងអាគារទាំងអស់ ។នៅក្នុងកិច្ចប្រជុំនោះដែរ ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង លោក សក់ តុងហេង បានសំណូមពរដល់ក្រុមហ៊ុនស្នើសុំរុះរើ យកអាគារចាស់ទៅកសាងកន្លែងថ្មី សម្រាប់កន្លែងស្នាក់នៅរបស់មន្ត្រីពន្ធនាគារ ពេលនោះ ក្រុមការងារអន្តរក្រសួងក៏ដូចជាក្រុមហ៊ុនបានឯកភាពនិងទទួលយកសំណូមពរនេះ។
ជាចុងក្រោយនេះ ឯកឧត្តម ស៊ិន សុវណ្ណារិទ្ឋិ អភិបាលខេត្តបញ្ជាក់ថានឹងរបាយការណ៍ស្ដីពីវឌ្ឍនភាព នៃការកសាងពន្ធនាគារថ្មី រាយការណ៍ទៅជូន ក្រសួងមហាផ្ទៃដើម្បី សម្រេចធ្វើការផ្លាស់ប្ដូរ អ្នកជាប់ឃុំក្នុងពន្ធនាគារចាស់ទៅអាគារពន្ធនាគារថ្មី ផងដែរ៕សុខ គឹមសៀន





































