កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ នៅវិទ្យាល័ ព្រះសីហនុ ស្ថិតក្នុង ក្រុង កំពង់ចាម ដោយមានការ អញ្ជើញ ចូលរួមពី ឯកឧត្ដម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
មានប្រសាសន៍ក្នុងឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យ បានទទួលលទ្ធផលជាប់និងជោគជ័យ ហើយ កុំភ័យខ្លាចអ្វីឡើយ ត្រូវ តាំង អារម្មណ៍ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយ មានកងកម្លាំង សហការណ៍ ជាមួយ អាជ្ញាធរ មូលដ្ឋាន បាន ការពារខាងសន្តិសុខ និងសុវត្ថិភាព ជូនដល់បេក្ខជន និងសិស្សដែលបានមកប្រលងផងដែរ។
យោងតាមរបាយការណ៍ របស់ លោក លី ម៉េង សាន ប្រធានមន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត កំពង់ចាម បានឲ្យដឹងថា សិស្សានុសិស្ស ដែលរៀនថ្នាក់ទី១២ ហេីយត្រូវប្រលងបាក់ឌុបឆ្នាំ២០២១នេះ សម្រាប់ ទូទាំង ខេត្ត មានចំនួនជាង៧ពាន់នាក់ ដែលចំនួនបេក្ខជនដែលបានដាក់ពាក្យប្រលងទុតិយភូមិឆ្នាំ២០២១នេះ មានការថយចុះច្រេីន បេីប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយមណ្ឌលប្រលងក្នុងខេត្តកំពង់ចាម បាន បែងចែកជា២ផ្នែក ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រមានចំនួនបេក្ខជន២៨៣០នាក់ ដែលមាន៥មណ្ឌល ស្មេីនឹង១១៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៤២៨១នាក់ ដែលមាន៧មណ្ឌល ស្មេីនឹង១៧២បន្ទប់ផងដែរ ៕





































