ស ស យ ក​ ខេត្តប៉ៃលិន មិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់នាពេលប្រលងរបស់បេក្ខជន ថែមទាំងធ្លាប់បើកវគ្គបំប៉ន ដល់បេក្ខជន

ប៉ៃលិន ៖ បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានមានប្រសាសន៍ ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះថា កន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន តែងតែបានចូលរួមបន្ថែម ដល់ដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាសម្របសម្រួលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យបានកាន់តែរលូន និងល្អប្រសើរជារៀងរាល់ឆ្នាំ ហើយកាយវិការ និងទឹកចិត្តទាំងអស់នេះ បានសបញ្ជាក់ពីស្មារតីយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមចំណែករបស់យើងក្នុងកិច្ចការសង្គមលើគ្រប់វិស័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ជាមួយគ្នានេះដែរលោកប្រធានមន្ទីរ ក៍បានថ្លែងអំណរគុណចំពោះលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )ខេត្តប៉ៃលិន ដែលបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់បេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។
លោក ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍ឲ្យដឹងនៅព្រឹក ថ្ងៃទី២៧ ខែធ្នូនេះថា ក្នុងដំណើរការប្រឡងបាក់ឌុបនេះ ស.ស.យ.ក ខេត្តប៉ៃលិន តែងតែបានចូលរួមបើកវគ្គបំប៉ន ដល់បេក្ខជន មុនពេលប្រឡង ឱ្យពួកគាត់ទទួលបានចំណេះដឹងពេញលេញ ដើម្បីចូលរួមប្រឡងទទួលបានជោគជ័យ។ លោក បានបន្តថា ស.ស.យ.ក ក៏បានបញ្ជួនសមាជិកសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការប្រឡងនេះផងដែរ។
សូមជម្រាបជូនបន្ថែមដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា មិនត្រឹមតែបានជួយសម្របសម្រួលរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ តែថែមទាំងជួយផ្តល់ទឹកបរិសុទ្ធសម្រាប់បេក្ខជនទទួលទាន និងម៉ាស់ដោយឥតគិតថ្លៃទៀតផង៕