(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលតែងតែកើតមានជាប្រចាំលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបន្តណែនាំ ដល់ក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល។
លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងឱកាសចុះសួសុខទុក្ខសមាជិក សមាជិកា នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ ។
សកម្មភាពនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២១ ក្នុងនោះ លោកស្រី ឃួន ឃុនឌី បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និង បម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។
លោកស្រីបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម ។
លោកស្រីបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ ភាពសុខសាន្ត បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូតលាស់បន្តទៀត និងទៅចូលរួមបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។ជាមួយគ្នានេោះដែរលោកស្រីបាននាំយកនូវក្រមា១ ភួយ១ជូនដល់ សាមជិក សមាជិកា ឃុំផាត់សណ្តាយដែលបានចូលរួមប្រមាណ៧០ណាក់ផងដែរ ។
ក្នុងនោះដែរក៏មានការប្រកាសលោក ជិន ស៊ីថា ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំផាត់សណ្តាយផងដែរ ។





































