(video)​សង្គ្រាម​រវាង​មនុស្ស នឹង​មនុស្ស​អាច​ចរចា​បាន តែ​ជាមួយ​វីរុស​អ៊ី​បូ​ឡា​មិនអាច​ឡើយ​

0

​ ​ ​បច្ចុប្បន្ន​សង្គ្រាម​ប្រឆាំងនឹង​វីរុស​អ៊ី​បូ​ឡា​កំពុងតែ​កើតឡើង​នៅ​ជុំវិញ​ពិភពលោក ខណៈដែល​មានការ​ករ​ណី​ឆ្លង​វីរុស​នេះ​ថ្មីៗ​ជាច្រើន​ទៀត​កើតឡើង​នៅ​អាហ្វ្រិក​កណ្តាល​។ ករណី​ឆ្លង​រាលដាល​ថ្មីៗ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​មេដឹកនាំ​ជុំវិញ​ពិភពលោក ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​វីរុស​នេះ​ចូលលុកលុយ​នៅក្នុង​ប្រទេស​របស់ខ្លួន ។ សង្គ្រាម​ដែល​កើតឡើង​រវាង​មនុ​ស្សនឹង​មនុស្ស អាច​ចរចា​គ្នា​បាន ប៉ុន្តែ​ចំពោះ​វីរុស​អ៊ី​បូ​ឡា​វិញ ពិតជា​មិនអាច​ឡើយ ដោយពេល​នេះ មិនទាន់មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​។ ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​យុទ្ធនាការ​ប្រឆាំង​ជំងឺ​អេ​បូ​ឡា បាន​ប្រាប់ថា សង្គ្រាម​

ប្រឆាំង​ជំងឺ​អេ​បូ​ឡា អាច​ត្រូវ​ចំណាយពេល​រហូតដល់​៦​ខែ​។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បាន​ជួប​ករណី​មួយ​ថ្មី​ទៀត នៅ​ភាគ​និរតី ស្ថិតក្នុង​តំបន់​អាហ្វ្រិក​កណ្តាល​។ ជា​ករណី​ដាច់ដោយឡែក ពី​ករណី​រាតត្បាត​នៅ​អាហ្វ្រិក​ខាងលិច​។ រហូត​ពេលនេះ ជំងឺ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​យ៉ាងហោច​១៤២៧​នាក់ ៦២៤​នាក់​នៅ​លី​បេ​រី​យ៉ា ៤០៦​នាក់​នៅ​ហ្គី​ណេ ៣៩២​នាក់ នៅ​សៀ​រ៉ា​ឡេ​អូន និង​៥​នាក់​នៅ​នី​ហ្សេ​រី​យ៉ា​។ ​

វេជ្ជបណ្ឌិត ដា​វីត ណា​បា​រ៉ូ ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​យុទ្ធនាការ​ប្រឆាំង​ជំងឺ អេ​បូ​ឡា ប្រាប់ថា ការ​កំចាត់​ជំងឺ​អេ​បូ​ឡា មិនមែន​គ្រាន់តែ​ជាការ​ប្រយុទ្ធ​ធម្មតា​ទេ តែ​គឺជា​សង្គ្រាម​ដែល​តំរូវអោយ​គ្រប់គ្នា​ធ្វើការ​ជាមួយគ្នា ប្រកបដោយ​ប្រសិទ្ធភាព​។ យោងតាម​វេជ្ជបណ្ឌិត​ណា​បា​រ៉ូ សង្គ្រាម​ប្រឆាំង​អេ​បូ​ឡា អាច​ចំណាយពេល​រហូតដល់​៦​ខែ​ឯណោះ​។ ​បន្ទាប់ពី​វាយប្រហារ​អាហ្វ្រិក​ខាងលិច ពេលនេះ​ជំងឺ​អេ​បូ​ឡា​បាន​បើកឆាក​ថ្មី​នៅ​តំបន់​អាហ្វ្រិក​កណ្តាល​។ គេ​បាន​រកឃើញ​ករណី​ជំងឺ​អេ​បូ​ឡា​ថ្មី​មួយទៀត ក្នុង​តំបន់​ដាច់ស្រយាល នៅ​ភាគ​និរតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។

អង្គការ​សុខភាព​ពិភពលោក និង​អាជ្ញាធរ​កុង​ហ្គោ​គិត​ដូចគ្នា​ថា នេះ​ជា​ករណី​អេ​បូ​ឡា​ដាច់ដោយឡែក ខុសស្រឡះ​ពី​ករណី​ជំងឺ​ដែល​កំពុង​រាតត្បាត​នៅ​អាហ្វ្រិក​ខាងលិច​។ នៅ​កុង​ហ្គោ អាជ្ញាធរ​កំពុង​ដាក់​អ្នកជំងឺ​ជាង​១០​នាក់ អោយនៅ​ដាច់​ពី​គេ​។ ហើយ​អ្នក​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​អេ​បូ​ឡា ជាង​៨០​នាក់​ទៀត ក៏​កំពុង​ត្រូវគេ​តាមដាន​សុខភាព​ដែរ​។ ពេលនេះ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​២​លាន​ដុល្លារ ពី​សហគមន៍​អន្តរជាតិ​។