ប្រឈមមុខនឹងឥទ្ធិពលរុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែន សហគមន៍អន្តរជាតិហាក់ដូចជាគ្មានជម្រើសអ្វី ក្រៅពីការបន្តស្វែងរកទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី នោះបើទោះបីជាគេដឹងថា ទណ្ឌកម្មកន្លងមកមិនសូវមានប្រសិទ្ធិភាពក៏ដោយ។ ទណ្ឌកម្មមិនត្រឹមតែមិនបានធ្វើឲ្យរុស្ស៊ីខ្លាចញញើតប៉ុណ្ណោះទេ តែរុស្ស៊ីថែមទាំងឆ្លើយបកវិញ ដោយបញ្ឈប់ការទិញទំនិញពីអឺរ៉ុប និងពីអាមេរិក ដោយងាកទៅរកស៊ីជាមួយប្រទេសផ្សេងទៅវិញ។
ដូច្នេះឃើញថា រឿងវិបត្តិអ៊ុយក្រែនពិតជារឿងមួយសាំញាំ ស្មុគស្មាញដែលគេមិនមែនអាចបញ្ចប់ត្រឹមការដាក់ទណ្ឌកម្មគ្នាទៅវិញ ទៅមកនោះទេ។ តាំងពីថ្ងៃផ្ទុះវិបត្តិអ៊ុយក្រែនមក អ្នកណាក៏ដឹងដែរថា រុស្ស៊ីបានលូកដៃយ៉ាងជ្រៅទៅកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ អ៊ុយក្រែន។ ករណីតំបន់គ្រីមេ គឺជារឿងមួយមិនអាចប្រកែកបានទេ។ ឥឡូវនេះ គឺវត្តមានទាហានរុស្ស៊ីក្នុងទឹកដីអ៊ុយក្រែនមិនអាចប្រកែកបានពេល នេះហើយដែលជម្រុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យ កោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២៨ សីហាដើម្បីបរិហារពីការចូលឈ្លានពានលើអធិបតេយ្យរបស់ប្រទេសជិតខាង។ នៅថ្ងៃនេះទៀត អង្គការអូតង់ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យសិក្សាលើ សំណុំរឿងនោះ។
ដោយឡែក លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានប្រកាសថា អាមេរិកនឹងមិនប្រើកម្លាំងដើម្បីអន្តរាគមន៍នៅអ៊ុយក្រែនទេ។ តែអាចនឹងបញ្ជូនកម្លាំងទ័ពទៅដាក់នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដែលជាសមាជិករបស់អូតង់។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានយល់ឃើញដូចគ្នាថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៀតប្រឆាំងរស្ស៊ី។ លោកប្រធានាធិបតីអំពាវនាវរកជំនួយយោធាពីអឺរ៉ុប និងអូតង់ លោកប្រធានាធិបតីអ៊ុយក្រែនប៉ូរ៉ូឆេនកូមិនបានលំអិតនៅក្នុងសេចក្តី អំពាវនាវរបស់ខ្លួនទេ តែការស្រែករកជំនួយយោធាពីអឺរ៉ុប និងអូតង់អាចជាជំនួយត្រឹមតែគ្រឿងសព្វាវុធប៉ុណ្ណោះ។
ការអំពាវនាវជំនួយយោធាមកពីប្រមុខរដ្ឋអ៊ុយក្រែនបារម្ភខ្លាចផ្ទុះ សង្គ្រាមជាយថាហេតុរវាងអ៊ុយក្រែន និងរុស្ស៊ីនាពេលខាងមុខ។ មួយវិញទៀត គឺដោយសារតែវត្តមានរបស់ទាហានរុស្ស៊ី និងសព្វាវុធទំនើបៗរបស់រុស្ស៊ីសព្វថ្ងៃនេះហើយ ដែលបានធ្វើឲ្យកម្លាំងពួកឧទ្ទាមមានសន្ទុះកាន់តែខ្លាំងឡើងៗនាពេល សព្វថ្ងៃ។ ថ្មីៗនេះ ការដែលពួកឧទ្ទាមអាចវាយដណ្តើមយកបានទីក្រុងNovoazovsk ក៏ដោយសារតែមានការជួយគាំទ្រពីទាហានរុស្ស៊ីដែរ។ សម្រាប់ទីក្រុងគៀវ បើគ្រាន់តែប្រឆាំងទប់នឹងពួកឧទ្ទាម អ៊ុយក្រែនមិនត្រូវការជំនួយយោធាបន្ថែមទេ។