ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលតាមូងផ្អែម ស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលានិងទទូលបានអគ្គីសនីប្រើប្រាស់ក្នុងពេលឆាប់ៗ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋចំនួនប្រមាណ១១៥គ្រូសារ  រស់នៅចំណុចតាមូងផ្អែមដែលដើម ឡើយគឺ ជាអតីត តំបន់ក្តៅកងទ័ពខ្មែរក្រហមឈរជើងហើយស្ថិតនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជននោះ បានបង្ហាញនូវភាព សប្បាយរីករាយ អបអរសាទរ និងថែ្លងអំណរគុណជូនចំពោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុដែលបានយកចិត្តទុកដាក់គិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋតាមរយៈការចាត់ចែងក្រុមការងារតបណ្តាញអគ្គីសនីចួលដល់ភូមិរបស់ពួកគាត់ឱ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

លោក គួច ចំរើន  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២២ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែម ស្ថិតនៅ ភូមិស្ទឹងឆាយខាងត្បូងឃុំស្ទឹងឆាយស្រុកកំពង់សីលាខេត្តព្រះសីហនុ។ក្នុងនោះ លោក អភិបាល បានធ្វើការ សម្របសម្រួលផលប៉ះពាល់ និងមានការធ្វើសម្បទានពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយបានកាប់ដើមដូងប្រេង និងដើមឈើរាប់រយដើមដើម្បីរត់បណ្តាញអគ្គិសនី។ ដែលកិច្ចការនេះលោក អភិ បាលខេត្ត តម្រូវឱ្យអគ្គិសនី ខេត្តព្រះសីហនុសហការជាមួយអាជ្ញាធរស្រុកកំពង់សីលាចុះតបណ្តាញអគ្គីសនី នៅតំបន់ខាងលើឱ្យបានលឿន ដើម្បី សម្រួលដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមាន ប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ខាងលើទៅតាមខ្នងផ្ទះ និងបានឧបត្ថម ថវិកា ដល់ ស្រ្តីមាន ផ្ទៃពោះចំនួន០៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយនៅ ពេលសម្រាលកូននាពេលខាងមុខ។ ជាមួយគ្នានេះ លោក អភិបាល ក៏បានណែនាំ និងជំរុញដល់ក្រុមការងារ តបណ្តាញអគ្គីសនីត្រូវពន្លឿនការងាររបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថានៅចំនុចតាមូងផ្អែម ខាងលើនេះមានប្រជាពលរដ្ឋរស់នៅចំនួន១១៥គ្រួសារ ស្មើ នឹង៣៨៤នាក់ ស្រី១៩៣នាក់ មាន ៩២ខ្នងផ្ទះ និងមានមត្តេយ្យសិក្សាសហគមន៍ចំនួន១ខ្នង មានសិស្សចំនួន ១៩នាក់ ស្រី៤នាក់ ព្រមទាំងមានសាលាបឋមសិក្សាចំនួន១ខ្នងមានសិស្សសរុប ៩៦នាក់ ស្រី៥៥នាក់៕

(ដោយ នាគសមុទ្រ)