ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin កាលពីថ្ងៃទី២៩ខែសីហាបានប្រកាស់ប្រមានដល់លោកខាងលេចថា «ល្អបំផុតនោះគឺសូមកុំឌឺដងបញ្ឈឺដាក់ប្រទេសរុស្ស៊ី។ កម្លាំងទាហានរុស្ស៊ីមានគ្រាប់បែកបរមាណូបានត្រៀមលក្ខណរួចរាល់ក្នុងការទប់ទល់ ប្រឈមនឹងសកម្មភាពបង្កជម្លោះ ឈ្លានពានពីប្រទេសលោកខាងលេច»។
មានប្រសាសន៍ទៅកានក្រុមយុវជនរុស្ស៊ីដែលគាំទ្ររដ្ឋាភិបាល នៅទីក្រុងម៉ូស្កូ លោកពូទីនប្រកាស់ថា ការដែលរុស្ស៊ីដាក់បញ្ចូលគ្រីមៀចូលក្នុងអធិបតេយ្យភាពរបស់រុស្ស៊ីកាលពីខែមីនា កន្លងមកគឺជាការចាំបាច់ដើម្បីជួយសង្គ្រោះដល់សហគមន៍អ្នកនិយាយភាសារុស្ស៊ីដែលមានចំនួនច្រើននៅទីនោះ គិចផុតពីគំនាបរបស់រដ្ឋាភិបាលទីក្រុងគីវ ដែលមានការងាករ៉េទៅកាន់អឺរ៉ុប។ លោកពូទីនបន្តទៀតថា សង្គ្រាមវាយប្រហារនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនគឺជាលទ្ធផលនៃការបដិសេធរបស់រដ្ឋាភិបាលទីក្រុងគីវមិនព្រមអង្គុយតុចចារ។
រដ្ឋាភិបាលទីក្រុងគីវនិងប្រទេសលោកខាងលេចតែងតែចោទប្រកាន់រុស្ស៊ីបញ្ជូនទាហាន រថក្រោះរថពាសដែកចូលទឹកដីអ៊ុយក្រែន ជួយដល់កម្លាំងប្រឆាំងវាយប្រហារមកលើទាហានរដ្ឋាភិបាលដែលកំពុងតែយកប្រៀបទៅលើក្រុមបះបោរ។ប៉ុន្តែភាគីរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ខាងលើ។ ប្រធានាធិបតីពូទីនបញ្ចាក់ទៀតថា«រុស្ស៊ីបានព្យាយាមបញ្ចៀសរាល់អំពើហឹង្សាការវាយប្រហារគ្នាទាំងទ្រងទ្រាយតូចនិងធំ យើងមិនចងឲ្យកើតមានរឿងជម្លោះនោះឡើយ ហើយក៏គ្មានគម្រោងបែបនោះដែរ។ប៉ុន្តែយើងបានត្រៀមលក្ខណជានិច្ច ដើម្បីតបតនឹងចេតនាអាក្រក់ ការឈ្លានពានណាមួយមកលើប្រទេសរុស្ស៊ី។
គូប្រជេងរបស់រុស្ស៊ីត្រូវតែចងចាំថា ល្អបំផុតសូមកុំធ្វើឲ្យប្រទេសរុស្ស៊ីខឹង»។ លោកពូទីនបញ្ចាក់ទៀងថា«ដោយគុណព្រះជាម្ចាស់ ខ្ញុំជឿជាកថាគ្មានអ្នកណាម្នាក់ចងបង្ករសង្គ្រាមជាមួយរុស្សីនោះឡើយ។ ខ្ញុំសូមរំលឹកអស់លោកថារុស្ស៊ីជាប្រទេសមហាអំណាច បរមាណូលំដាប់កំពូលនៅលើពិភពលោក អាចនិងធ្វើឲ្យភពផែនដីទាំងមូលរលាយបាន»។ ពាក់ព័ន្ធនិងវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនវិញប្រធានាធិបតីរុស្ស៊ីបានទម្លាក់កំហុសទៅឲ្យប្រទេសអាមេរិកនិងសហគមន៍អឺរ៉ុប ដែលអនុវត្តិការធ្វើរដ្ឋប្រហារដោយខុសច្បាប់ទម្លាក់ប្រធានាធិបតីស្និតរុស្ស៊ីលោកViktor Yanukovich ហើយបង្កើតរដ្ឋាភិបាលថ្មីដែលមានភាពជិតស្និតនិងលោកខាងលេច។
ប្រឈមមុខនឹងឥទ្ធិពលរុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែន សហគមន៍អន្តរជាតិហាក់ដូចជាគ្មានជម្រើសអ្វី ក្រៅពីការបន្តស្វែងរកទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី នោះបើទោះបីជាគេដឹងថា ទណ្ឌកម្មកន្លងមកមិនសូវមានប្រសិទ្ធិភាពក៏ដោយ។ ទណ្ឌកម្មមិនត្រឹមតែមិនបានធ្វើឲ្យរុស្ស៊ីខ្លាចញញើតប៉ុណ្ណោះទេ តែរុស្ស៊ីថែមទាំងឆ្លើយបកវិញ ដោយបញ្ឈប់ការទិញទំនិញពីអឺរ៉ុប និងពីអាមេរិក ដោយងាកទៅរកស៊ីជាមួយប្រទេសផ្សេងទៅវិញ។
ដូច្នេះឃើញថា រឿងវិបត្តិអ៊ុយក្រែនពិតជារឿងមួយសាំញាំ ស្មុគស្មាញដែលគេមិនមែនអាចបញ្ចប់ត្រឹមការដាក់ទណ្ឌកម្មគ្នាទៅវិញ ទៅមកនោះទេ។ តាំងពីថ្ងៃផ្ទុះវិបត្តិអ៊ុយក្រែនមក អ្នកណាក៏ដឹងដែរថា រុស្ស៊ីបានលូកដៃយ៉ាងជ្រៅទៅកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ អ៊ុយក្រែន។ ករណីតំបន់គ្រីមេ គឺជារឿងមួយមិនអាចប្រកែកបានទេ។ ឥឡូវនេះ គឺវត្តមានទាហានរុស្ស៊ីក្នុងទឹកដីអ៊ុយក្រែនមិនអាចប្រកែកបានពេល នេះហើយដែលជម្រុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យ កោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២៨ សីហាដើម្បីបរិហារពីការចូលឈ្លានពានលើអធិបតេយ្យរបស់ប្រទេសជិតខាង។ នៅថ្ងៃនេះទៀត អង្គការអូតង់ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យសិក្សាលើ សំណុំរឿងនោះ។ ដោយឡែក លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានប្រកាសថា អាមេរិកនឹងមិនប្រើកម្លាំងដើម្បីអន្តរាគមន៍នៅអ៊ុយក្រែនទេ។ តែអាចនឹងបញ្ជូនកម្លាំងទ័ពទៅដាក់នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដែលជាសមាជិករបស់អូតង់។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានយល់ឃើញដូចគ្នាថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៀតប្រឆាំងរស្ស៊ី។ រូបភាពផ្កាយរណបរបស់អង្គការអូតង់បានបង្ហាញឲ្យឃើញនូវជើងតម្កល់បាញ់ គ្រាប់រូកែត និងកម្លាំងទ័ពពិសេសរុស្ស៊ីដែលមានវត្តមានក្នុងទឹកដីអ៊ុយក្រែន ប៉ែកខាងកើតតាំងពីប៉ុន្មានខែមកហើយ។ មួយវិញទៀត និងក្រោយពីការអះអាងរបស់រដ្ឋាភិបាលអ៊ុយក្រែនមក រូបភាពផ្កាយរណបក៏បានបង្ហាញពីក្បួនរថក្រោះជាង ១០០គ្រឿងកំពុងបរចូលក្នុងទឹកដីអ៊ុយក្រែន។
សូម្បីតែមេឧទ្ទាមក្នុងទីក្រុងដូនេតស្ក៍ឈ្មោះអាឡិចសង់ ហ្សាកាឆេនកូក៏បានប្រកាសទទួលស្គាល់ថា មានទាហានរុស្ស៊ីពី ៣ ០០០ ទៅ ៤ ០០០នាក់កំពុងជួយច្បាំងជាមួយទ័ពខ្លួន។ តែគេមិនអាចដឹងពីចំនួនទាហានរុស្ស៊ីពិតប្រាកដដែលកំពុងមានវត្តមាន ក្នុងទឹកដីអ៊ុយក្រែនទេ។ តាមតួលេខផ្តល់ដោយរដ្ឋាភិបាលអ៊ុយក្រែន និងដែលអង្គការអូតង់បានបញ្ជាក់ដូចគ្នានោះ គឺអាចមានជាង ១០ ០០០នាក់។ តែដូចជាសព្វមួយដង រុស្ស៊ីនៅតែបញ្ជាក់ថា គ្មានទ័ពរុស្ស៊ីណាម្នាក់បានដាក់ជើងជាន់ទឹកដីអ៊ុយក្រែននោះទេ និងបានឆ្លៀតវាយប្រហារប្រទេសលោកខាងលិចឲ្យឈប់និយាយបំផ្លើស និងបំប៉ោងការពិត។