សត្វក្រាស់និងសត្វល្មិចទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀត ហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថានេះជាលើកទី១២៩ហើយ ដែលលោកឧកញ្ញ៉ាបាននាំយក សត្វក្រាស់និងសត្វល្មិចឬហៅថាសត្វអណ្តើកសមុទ្រព្រលែងក្នុងសមុទ្រធម្មជាតិវិញ។គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិចទៅព្រលែង ម្តងៗ លោកឧកញ៉ា តែងតែធ្វើការកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វ ក្រាស់ឬសត្វល្មិចដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀល ដែលកឹបលើសត្វក្រាស់និងសត្វល្មិចលើកនេះគឺមានលេខសម្គាល់ KH 0390 និងKH 0391។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈ សំខាន់ ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ក្នុងនោះលោក ឧកញ្ញ៉ាក៏បានថ្លែងអំណរ គុណផងដែរទៅដល់បងប្អូនប្រជានេសាទដែលតែងតែនាំយកសត្វក្រាស់ឬសត្វល្មិចពួកគាត់នេសាទបានមកប្រគល់ឱ្យលោកជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញដើម្បីរូមចំណែកថែរក្សាការពារអភិរក្សសត្វសមុទ្រកម្រជាសកល៕

(ដោយនាគសមុទ្រ)