លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានរៀបចំការផ្លាស់ប្តូរ ក្នុងគណរដ្ឋមន្ត្រី របស់លោក ជាលើកដំបូង ចាប់តាំងលោកឡើងកាន់ តំណែងសាជាថ្មី កាលពីខែធ្នូ ឆ្នាំ ២០១២ កន្លងទៅ ដោយចំណាត់ការនេះស្ថិតក្រោមក្រសែភ្នែក ប្រជាជនជប៉ុន ដែលបានសម្លឹងឃើញ ថា មេដឹកនាំរូបនេះ កំពុងព្យាយាម ពង្រឹងអំណាចរបស់ ខ្លួនឲ្យបានខ្លាំងជាងមុនថែមទៀត។ ភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃពុធ
ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នេះថា លោក អាបេ បានរក្សាទុកមន្ត្រីជំនិត របស់ខ្លួនមួយចំនួនឲ្យនៅ តំណែងដដែល ក្នុងនោះរួមមាន ប្រធានាលេខាធិការ គណរដ្ឋមន្ត្រីលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា និង រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក តារ៉ូ អាសូ ស្របពេលដែលរដ្ឋមន្ត្រី ជាស្ត្រីភេទបានកើនចំនួនលើសមុនពី ពីររូប ឥឡូវនេះឡើងដល់ ៥រូប ដើម្បីឲ្យសមស្របទៅតាម នយោបាយលើកតម្កើងតួនាទីស្ត្រីក្នុងសង្គម។
ក្រៅពីការបន្ថែមចំនួនស្ត្រីក្នុងជួររដ្ឋមន្ត្រីនោះ សរុបទៅគណរដ្ឋមន្ត្រីជប៉ុនថ្មីក្រោមការដឹកនំា របស់លោក អាបេ បានសម្រេចផ្លាស់ប្តូរនូវរដ្ឋមន្ត្រីចំនួន ១២រូបថ្មី ក្នុងនោះមានទំាងរដ្ឋមន្ត្រី ផ្នែក ពាណិជ្ជកម្ម, មហាផ្ទៃ, និង ប្រធានក្រុមប្រឹក្សាផ្នែកស្រាវជ្រាវ នយោបាយរបស់ គណបក្ស LDP ក៏ត្រូវបានផ្លាស់ប្តូរផងដែរ៕