កម្មករទូកនេសាទម្នាក់ធ្លាក់ពីលើទូក កណ្តាលសមុទ្ររហូតមកដល់ពេលនេះ រកមិនទាន់ឃើញនៅឡើយទេ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃ ២៤ មករា២០២២នេះ បានបញ្ជូនអូបរ័ពេទ្យរបស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទ ម្នាក់ដែលធ្លាក់ពីលើទូកបាត់ខ្លួន ក្នុងលម្ហសមុទ្រខណៈពេលចេញទៅនេសាទ។

សេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំនើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ៤៣.៧៩០ ម្តុំខាងក្រោយឃ្លាំង ស្តុក ប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំ ពែង ស្រុកដំណាក់ចង្អើរ ខេត្តកែបឲ្យដឹងថា មុនកើតហេតុពួកគាត់បានចេញទៅនេសាទ មានគ្នាចំនួន៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូកបានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗពួក គាត់ ក៍បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។ គិតត្រឹមព្រលប់ថ្ងៃ២៤មករា២០២២នេះ នៅមិនទាន់ប្រទះឃើញ ជន រងគ្រោះនៅឡើយទេ ហើយក៍មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះថាយ៉ាងណានៅឡើយ ចំណែក ការ ស្វះស្វែងរកជនរងគ្រោះកំពុងធ្វើបន្ត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ាទៀ វិចិត្រ សហការជាមួយកម្លាំង នគរបាលចរាចរណ៍ផ្លូវទឹកនិងកម្លាំងនគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ជាមួយគ្នានេះលោកឧកញ៉ាទៀ វិចិត្រប្រកាសប្រាប់បងប្អូនប្រជានេសាទក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជន រងគ្រោះនៅចំណុចណា មួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះ៕

(ដោយនាគសមុទ្រ)