សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជំនះ៧មករា លើកទី២១ ឆ្នាំ២០២២ ដែលការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ឋកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ឋ កីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ឆ្នាំ២០២២ ដែលមានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹប ស្មើនឹង១៥៤រូប បូករួមទាំងកីឡាកិត្តិយស និងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជា សរុបជាង២០០រូបបានអញ្ជើញចូលរួម។ សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសារ និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ។
លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗ នៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាប មានកីឡាករជាប់ក្នុងក្រុមជំរើសជាតិចំនួន ៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជំរើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។
លោក សោមសមសក្តិ ប្រធានសម្ពន្ឋកីឡាវាយសីខេត្តសៀមរាប មានប្រសាសន៍ថា៖ ការបង្កើតក្លឹបនេះឡើង គឺស្របតាមឆន្ទៈនៃការចង់បានរបស់អភិបាលខេត្ត ដែលមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនិងស្របតាមការរីកចម្រើនរបស់ពិភពលោក អនុលោកមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសុខុមាលភាពពេញលេញ ទទួលបានការអប់រំ មានសមភាពយេនឌ័រ សុខភាពអនាម័យសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅទីក្រុងនិងតាមសហគមន៍។ល។
លោកក៏បានអំពាវនាវឱ្យបងប្អូនមហាជនទូទៅត្រូវចេះស្រឡាញ់សុខភាព និងនាំគ្នាលេងកីឡា ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយ ចាកឆ្ងាយពីជំងឺផ្សេងៗ និងសូមកុំភ្លេចការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ យើងត្រូវរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នសហព័ន្ឋវាយសីកម្ពុជា បានទទួលយកពួកគាត់ទៅបណ្តុះបណ្តាលដើម្បីត្រៀមយកទៅប្រកួតនៅក្រៅប្រទេសនិងស៊ីហ្គេម នាពេលខាងមុខនេះផងដែរ៕








































