ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀត ហើយទៅ ព្រលែងក្នុងសមុទ្រធម្មជាតិវិញ ហើយនេះជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១៣១ផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថា គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបាន លែងក្នុង សមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រមួយនេះគឺ KH0393។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តទៀតថាសត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែល លោកឧកញ៉ា ទទួលពីអ្នកនេសាទគឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹប សៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
ជាមួយគ្នានេះ លោក ឧកញ្ញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់ បងប្អូនអ្នក នេសាទដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ដោយបាននាំយកសត្វល្មិចឬអណ្តើកសមុទ្រមកប្រគល់ជូនលោក ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ៕
(ដោយនាគសមុទ្រ)