អបអរសាទរទិវាជាតិសុខភាពមាតាទារកនិងកុមារ ឆ្នាំ២០២២

0

សៀមរាប: ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច ចំនួន៦៩នាក់នៅស្រុកស្វាយលើ នាព្រឹកថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាភាពបន្តពូជ សុខភាពមាតា ទារក និង កុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីក-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។

ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ អានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ ក្នុងខ្លឹមសារបានបញ្ជាក់ពីអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និង កុមារ ឲ្យស្ថិតនៅជាស្មារតីនៃការប្រុងប្រយ័ត្នប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៅស្រុកស្វាយលើ ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅក្នុងមណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋយើង ពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែមានការយល់ដឹង និងធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះដែរលោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងបានលើកនូវការណែនាំមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាគ្រប់ៗរូប សំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និង ទទួលយកសេវាបង្ការ ព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យមានជំនាញ និង បានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលសម្រាលកូន ទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ ។ នៅពេលដែលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារក នៃជំងឺរលាកផ្លូវដង្ហើម រាក និងជំងឺឆ្លង ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើមី្បធ្វើការព្យាបាលជាបន្ទាន់។ ក្នុងនោះលោកជំទាវក៏បានលើកនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយផ្តោតសំខាន់លើការ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកំពុងបន្តចាក់ដូសជំរុញ និងពង្រឹងការអនុវត្តវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព និង ឲ្យបានល្អប្រសើរឡើងវិញ ឲ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ យើងត្រូវតែលើកទឹកចិត្តស្រី្តទាំងនោះឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ ដោយបន្ថែមនូវអាហាររូបត្ថម្ភ ទៀតផង។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ កន្សែងពោះ១ ក្រម៉ា ១ មី១កេស ត្រីខ១យួរ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម ខោអាវទារក ១កំប្លេរ ស្រោមដៃ ស្រោមជើង ១គូ ម៉ាស់ ១០បន្ទះ ជែល ១ដប និងថវិកាចំនួន ៥ម៉ឺនរៀល៕