ខេត្តព្រះសីហនុ៖ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត របស់ក្រុមហ៊ុនអានកូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោកឧកញ៉ា កុក អានអគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ បានឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន ៣កន្លែង ដោយមានសមត្ថភាពផលិតទឹកក្នុងមួយថ្ងៃ បានចំនួន១៦ម៉ឺនម៉ែត្រគីប ក្នុង នោះទំនប់ទី១ អាចផលិតបាន ៤ម៉ឺនម៉ែត្រគីបទំនប់ទី ២ ផលិតបាន៦ម៉ឺនម៉ែត្រគីបនិងទំនប់ទី ៣ មានសមត្ថ ភាព ផលិតចំនួន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ន ក្រុមហ៊ុន បានអូសបណ្ដាញតភ្ជាប់ ជូនប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី៦ម៉ឺនទៅ ៧ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ ហើយ ចំពោះមុខទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតបណ្ដាញភ្ជាប់ឱ្យបានច្រើនទូលំទូលាយ ទៅតាមបណ្ដា ក្រុង ស្រុក រោងចក្រសហគ្រាសដែលកំពុងមានការអភិវឌ្ឍនថ្មីៗដើម្បីឱ្យស្របទៅនឹងកំណើននៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងនូវពីរចំនុចសំខាន់ៗ ទី១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ក្បាលឆាយ ដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថាន ខេត្ត ផ្តល់ ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើ ឱ្យបានគង់ វង្ស ឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជាការ លួចសង់លំនៅដ្ឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះ ពាល់បរិស្ថានតាមរយៈការប្រើប្រាស់សារជាតិគីមីផ្សេងៗ។ ទី២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យ វែងឆ្ងាយ អំពីរៀបចំឱ្យខេត្តរបស់យើងក្លាយជា តំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាល បាន រៀបចំផែនការមេ ដើម្បីតម្រង់ទិសនៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេសផ្លូវ ទឹក និងភ្លើង ត្រូវដើរស្របគ្នាទៅនឹងគោលដៅនៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាម តម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនអានកូ ដែលបានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជូនដល់ប្រជាពលរដ្ឋ នៅក្រុងស្រុកទាំងបី នៃខេត្តព្រះសីហនុ។ ចំពោះមុខឯកឧត្តមក៏បានណែនាំឱ្យ ក្រុមហ៊ុន ធ្វើការពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបន្តពង្រីក ការគ្រប់គ្រងទឹកឱ្យ បានកាន់តែច្រើន ខណៈពេលដែលខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត កំពុងមានការអភិវឌ្ឍន៍ តាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹង ខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ប្រព័ន្ធគមនាគមន៍រៀបចំបានរួចរាល់ ក្នុងនោះទាម ទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ រៀបចំបណ្ដាញប្រព័ន្ធទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងឱ្យក្រុម ហ៊ុនបន្តតបណ្ដាញឱ្យបានទៅដល់ក្រុងស្រុកជាពិសេសនៅតំបន់ដែលកំពុងមានការអភិវឌ្ឍនប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង បើគ្មានបណ្ដាញទឹកការអភិវឌ្ឍន៍ក៏មិនអាចទៅរួចដែរ៕
(ដោយនាគសមុទ្រ)