ខេត្តព្រះសីហនុ៖លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី០៣ខែមិនាឆ្នាំ២០២២លោកជំទាវបានមានប្រសាសន៏ថាគោលបំណងរបស់លោកជំទាវចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយ ជំរុញអ្នកទេសចរ និងវិនិយោគ ឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។
ជាមួយគ្នានេះលោក ក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។លោកជំទាវក៏បានណែនាំ អំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន(៥ម៉ឺនដុល្លា)ដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។ដោយលោកជំទាវឯកអគ្គរដ្ឋទូតក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម។
លោកគួចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដោយឯកឧត្តមបានចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារដ្ឋឥណ្ឌាដើម្បី បំពេញកិច្ចការខាងលើឱ្យបានជោគជ័យ។ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូតជួយជម្រុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌាឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តទៀតថា សក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជ រដ្ឋា ភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់ សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍនិងវិនិយោគនៅ ខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបាន ពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជ ធានីភ្នំ ពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះផងដែរ។ កន្លងមកខេត្ត ព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង ១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយ ឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។ កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពសាម គ្គីភាព សហប្រតិបត្តិការមានរយ:ពេល៧០ឆ្នាំ ដោយប្រទេសទាំងពីរមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិ ជ្ជកម្ម វិនិយោគ វប្បធម៌ទេសចរណ៍ និងអប់រំទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ អ្វីដែលប្រជាជនកម្ពុជានៅ ចងចាំ គឺឥណ្ឌា បានផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រាដែលកម្ពុជាជួបការលំបាកនិងបន្តការគាំទ្រសន្តិភាពនៅកម្ពុជាធ្វើឱ្យកម្ពុជាមាន ឱកាសកសាងនិងអភិវឌ្ឍប្រទេសជាតិ។លោកអភិបាលខេត្តក៏បានស្នើឱ្យលោកជំទាវជួយផ្សព្វផ្សាយនិងជំរុញអ្នកទេសចរនិងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជាពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន៕
(ដោយនាគសមុទ្រ)