ខេត្តព្រះសីហនុ៖ទិវាជាតិទីក្រុងស្អាតលើកទី ១០ឆ្នាំ ២០២២ ក្រោមប្រធានបទ(ទីក្រុងស្អាត )គាំទ្រការបើក ទេសចរណ៍កម្ពុជា ខេត្តព្រះសីហនុបានប្រារព្ធធ្វើនៅ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ ២០២២ ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តព្រះសីហនុត្រូវ បានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១០.២០២៥និងកំណត់យកខេត្តព្រះសីហនុជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង ៤នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិផ្អែកលើសក្កានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ចនិងធនធានធម្មជាតិដ៏ស្រស់ស្អាត។
ក្នុងឱកាសនោះលោកម៉ាងស៊ីណេតអភិបាលរងខេត្តព្រះសីហនុបានអានសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតលើកទី១០ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជានៅខ្លឹមសារទាំងស្រុង។ដូចនេះក្នុងនាមរដ្ឋបាលខេត្តតំណាងឲ្យប្រជាពលរដ្ឋទាំងអស់បានគាំទ្រនិងចូលរួមចំណែកលើកទឹកចិត្តដល់ប្អូនៗយុវជនជាពិសេសប្អូនៗសិស្សានុសិស្សប្រជាពលរដ្ឋម្ចាស់អាជីវកម្មគ្រឹះស្ថានរោងចក្រសហគ្រាសនានាបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀតក្នុងកិច្ចគាំពារបរិស្ថាននិងការលើកកម្ពស់ការអភិវឌ្ឍបៃតងដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិយើង។
លោកអភិបាលរងក៏បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យពិធីទិវាជាតិទីក្រុងស្អាតលើកទី ១០ នេះប្រព្រឹត្តទៅ ប្រកបដោយជោគជ័យជាពិសេសឈានទៅដណ្ដើមជ័យលាភីទីក្រុងស្អាតផ្ការំដួល ៣ទងលើកទី ៣និងជ័យលាភី ឆ្នេរស្អាតនាចុងឆ្នាំ២០២២និងចូលរួមនៅក្នុងយុទ្ធនាការកម្ពុជាស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ទន្ទឹមនឹងនេះខេត្តព្រះសីហនុក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី ៨នៅចុងឆ្នាំ ២០២២ ក៏ដូចជាចូលរួមរៀបចំនូវព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនាពេលខាងមុខផងដែរ។នៅក្នុងឱកាសនោះគណៈអធិបតីសមាជិកនៃអង្គពិធីក៏បានចូលរួមសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរដើម្បីចូលរួមអបអរសាទរជាមួយនឹងទិវាជាតិទីក្រុងស្អាតលើកទី ១០ឆ្នាំ ២០២២ប្រកបដោយភាពសប្បាយរីករាយ៕
(ដោយនាគសមុទ្រ)