អ្នកឧកញ៉ា ទ្រី ភាព ចំណាយថវិកាសាសង់ប៉មយាមចំនួន១២ប៉ម នៅតំបន់ឆ្នេរអូរឈើ ទាលទុកសំរាប់ប្រើប្រាស់ជាប៉ុស្តិ៍យាមយាមឆ្មាំសមុទ្រ

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៤ខែមិនា ឆ្នាំ ២០២២ ខណៈលោក អញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំសមុទ្រតាម បណ្តោយ ឆ្នេរសមុទ្រក្នុងក្រុងព្រះ សីហនុ មានចំនួន១២ប៉ម លោកបានមានប្រសាសន៍ថា ប៉មទាំង១២នេះ គឺអំណោយរបស់អ្នក ឧកញ៉ាទ្រី ភាព ជាចំណងដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ កន្លងមក អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ ពិសេសក្នុង ដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុដោយអ្នកឧកញ៉ាបានផ្តល់ស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។

ខេត្តព្រះសីហនុរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍន និងបានចំណាយថវិកាយ៉ាងច្រើនដើម្បីកែលម្អផ្លូវថ្នល់ឆ្នេរសមុទ្រនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ និងដឹកនាំស្ថាបនាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ដោយ យើង បានបើកឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណៈសម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយ។ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ។ យើងបានរៀប ចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ ល៕

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់បងប្អូនឆ្មាំសមុទ្រ ត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំរបស់យើងត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់ អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។ ក្នុងនោះលោកអភិបាលខេត្ត បានណែ នាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្ររបស់យើង និងអំពាវនាវជូនចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាម បណ្តោយឆ្នេរ និងនៅតាមទីសាធារណៈដោយយើងដាក់ធុងសំរាមដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើន ការប្រមូលសំរាមនៅថ្ងៃសៅរ៍អាទិត្យនិងពិធីបុណ្យផ្សេងៗដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេរ របស់យើងមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ លោកអភិបាល ខេត្ត ក៏បានអំពាវនាវដល់ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រទាំងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញដូសទី៤ ដើម្បី បង្កើនភាពស៊ាំ ឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកាសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕

(ដោយនាគសមុទ្រ)