សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុន

0

ខេត្តព្រះសីហនុ៖ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ  ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា  បានមានប្រសា សន៍ថា  ឯកឧត្តមមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដោយបានចូលរួមពិធីទទួលស្វាគមន៍ នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ជាមួយសម្តេចពិជ័យសេនា  ទៀ បាញ់ និងភ្ញៀវកិត្តិយសទាំងអស់។  ឆ្នាំនេះជាខួបលើកទី៣០ដែលប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពជាលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរប្រទេសកម្ពុជាដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេល បច្ចុ ប្បន្ន ដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។ លើសពីនេះទៅទៀត ក្រោយ រយៈពេល ៣០ ឆ្នាំ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូន កងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។

ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែល ជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍ អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាព ដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេលមួយយ៉ាងវែង យើង ខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិត ស្និទ្ធថែម ទៀត ជាមួយប្រទេសកម្ពុជាលើបញ្ហាក្នុងតំបន់និងអន្តរជាតិ។ក្នុងចំណោមនោះប្រទេសទាំងពីរបានព្រមព្រៀងធ្វើ ការ រួមគ្នាដើម្បីសម្រេចបាននូវ  ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុង ជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាពរបស់អាស៊ាន។យើងខ្ញុំមានជំនឿថា ការចូលចតនៃនាវានាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរ ដែលនឹងរួម ចំណែកសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ”។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណរបស់យើង ជូនប្រជាជនកម្ពុជា រួមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានទទួលស្វាគមន៍នាវាជប៉ុនយ៉ាងកក់ក្តៅ។ឆ្នាំក្រោយ ២០២៣ គឺជាខួបលើកទី៧០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុននិងកម្ពុជា។រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកកម្ពុជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ។ខណៈពេលដែលពិភពលោកឈានចូលសម័យកាលថ្មីខ្ញុំមានជំនឿជឿជាក់ថាយើងនឹងបន្តបោះជំហានឆ្ពោះទៅមុខក្នុងឋានៈជាដៃគូដែលអាចទុកចិត្តគ្នា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ក្នុងឱកាសនោះ  សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ ថាថ្ងៃនេះក្នុងនាមក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកជប៉ុនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន៥៤នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះគឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជាជប៉ុនកាន់តែមានភាពជិតស្និទ្ធនិងរីកចំរើនថែមទៀតនិងជាការចូលរួមអបអរសាទរខួបលើកទី៣០ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជជាលើកដំបូង។នៅក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលបានសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធរៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការពារជើងទឹកជប៉ុន០២គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។សូមអរគុណចំពោះវត្តមាននិងចំណាប់អារម្មណ៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជាជាលើកដំបូងនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងយោធពលខេមរភូមិន្ទ។ អរគុណចំពោះលោក មេបញ្ជាការនាវា URAGA និងនាវា HIRADOកងស្វ័យការពារជើងទឹក ជប៉ុនដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានិងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជាជប៉ុនឱ្យកាន់តែប្រសើរឡើងនិងរីកចម្រើនថែមទៀត។

ចាប់ពីឆ្នាំ២០០៨២០២២កងស្វ័យការពារជើងទឹកជប៉ុនចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០៩លើកដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះបានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជាជប៉ុនលើវិស័យមនុស្សធម៌សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជា មាន ការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក្តី ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំ និងដឹង គុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាពនៃកងស្វ័យការពារជប៉ុនដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។ប្រការដែលកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះគឺការពលីជីវិតមន្ត្រី០២រូបនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ”អ៊ុនតាក់”នោះគឺលោកAtsuhitNakataមន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលីនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹង គុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ដែលបានរួមវិភាគទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។  នាពេលបច្ចុប្បន្ន ជាមួយនឹងវិបត្តិការរីករាលដាលជំងឺកូវីដ១៩និងស្ថិតក្នុងស្ថានភាពនៅក្នុងតំបន់និងសកលលោកកំពុងមានការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាចដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ  យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹងពិសេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីគឺជាពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យយើងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយពីមេរៀនទាំងឡាយនៃដំណាក់កាលប្រវត្តិសាស្ត្រនៃតម្លៃសន្តិភាព”មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ប្រការនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសជាតិ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិចម្បង និងជាមូលដ្ឋានជូនពលរដ្ឋគ្រប់រូប ដែលមុនគេបង្អស់គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាល ការពារ និងជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជានៅតែចងចាំនិងតែងតែរំឭកនៅគ្រប់វេទិកា”ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថាការជ្រៀតជ្រែកការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗមិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់  និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ”។នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាងនិងរក្សាសន្តិភាពនិងការពារជនស្លូតត្រង់នៅលើសកលលោកនិងនៅតែបន្តខិតខំកិច្ចប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យ ការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ជាគ្រូយោធាចារ្យ ឧបករណ៍ សម្ភារៈសិក្សា ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ ហើយនៅអំឡុងពេលជំងឺកូវីដ-១៩  ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។

អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គ មេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៃប្រទេស ជប៉ុនប្រកបដោយ ជោគជ័យនិងលទ្ធផលផ្លែផ្កា។ចាប់តាំងពីឆ្នាំ២០១៣រហូតមកដល់បច្ចុប្បន្ននេះដោយមានការជួយគាំទ្ររបស់កងស្វ័យការពារជប៉ុនលើវិស័យរក្សាសន្តិភាពបានធ្វើឱ្យកងយោធពលខេមរភូមិន្ទសម្រេចជោគជ័យជាប្រវត្តិសាស្រ្តក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិទទួលបានការកោតសរសើរលើកមុខមាត់កងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិនិងកម្ពុជាបានក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិដោយស្មើមុខស្មើសិទ្ធិ។ជាក់ស្តែងនៅឆ្នាំ២០២០និងដើមឆ្នាំ២០២២នេះទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ១៩នៅបន្តមានក្តីប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជាជប៉ុននៅតែមានភាពរីកចំរើនគួរឱ្យកត់សម្គាល់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករវាងកងទ័ពជើងគោកជាមួយកងស្វ័យការពារជើងគោកជប៉ុនការជួយគាំទ្រវិស័យរក្សាសន្តិភាពការចូលចតនាវាការបណ្តុះបណ្តាលលើកកម្ពស់ធនធានមនុស្សពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែសកម្មថែមទៀតដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេងនិងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខា-ភិបាល។ជាមួយគ្នានេះកងស្វ័យការពារជើងទឹកជប៉ុននឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើនដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយប្រយុទ្ធប្រឆាំងភេរវកម្មនិងវិស័យមនុស្សធម៌។ជាមួយគ្នានេះភាគីជប៉ុនពិតជានឹងបន្តជួយផ្តល់ឧបករណ៍សម្ភារៈមធ្យោបាយនិងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជាដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត៕

(ដោយនាគសមុទ្រ)