ប្រជាពលរដ្ឋចំនួន៨៣គ្រួសាររស់នៅស្រុកកំពង់សីលារងគ្រោះខូចខាតផ្ទះសម្បែងដោយសារខ្យល់ កន្ត្រាក់ទទួលបាន អំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២២ បាននាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន ប្រជាពលរដ្ឋចំនួន៨៣គ្រូសាររស់នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុដែលរងគ្រោះដួលរលំផ្ទះ ដោយសារខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឧកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ព្រមទាំងចូលរួមការសោកស្តាយពីសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ៨៣គ្រួសារ ជួបគ្រោះធម្មជាតិកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បណ្ដាលឱ្យរបើកដំបូលផ្ទះ និងដួលរលំ ផ្ទះ ហើយថ្ងៃនេះសាខាកាកបាទក្រហមបាននាំយកនូវអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់រួមទាំងថវិកាមួយចំនួនដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋបានយកទៅប្រើប្រាសដោះស្រាយជួសជុលបំពេញបន្ថែមនូវលំនៅដ្ឋានរបស់បងប្អូនព្រមទាំងផលប៉ះពាល់ដែលបង្កឡើងដោយខ្យល់កន្ទ្រាក់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនដោយសារខកខានមិនបានចេញទៅបំពេញការងារខាងក្រៅ ដូច្នេះហើយសម្ដេចគតិ្តព្រឹទ្ធបណ្ឌិតបានផ្ញើនូវគ្រឿងឧបភោគទាំងនេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់ បងប្អូនបានមួយរយៈផងដែរ។

ជាមួយគ្នានោះលោក គួច ចំរើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក៏បានថ្លែង អំណរគុណ និងកោតសរសើរសាខាថ្នាក់ស្រុក មេឃុំដោយស្មារតីទទួលខុសត្រូវក្នុងឃុំ បានប្រមូលព័ត៌មាននានា ទាក់ទងទៅនឹងគ្រោះមហន្តរាយនេះ និងផ្តល់ព័ត៌មានមកសាខា រួមបានរាយការណ៍ ជូនសម្ដេចគតិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកស្បៀងអាហារទាំងនេះចែកជូនដល់បងប្អូនរងគ្រោះ។ថ្វីត្បិតគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះមិនបណ្តាលឱ្យបាត់បង់ជីវិត ឬរបួសស្នាម និងសូមឲ្យស្រុក ឃុំ បន្តយកចិត្តទុកដាក់តាមដានគ្រោះធម្មជាតិ ដែលជា កិច្ចការសំខាន់របស់យើង គឺជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋ និងរបួសស្នាម ព្រមទាំងការជួសជុលផ្ទះឱ្យបាន សម ស្របឡើងវិញ ហើយរឿងគ្រោះធម្មជាតិគ្មានអ្នកណាម្នាក់ចង់នោះទេ បើវាកើតឡើងបង្កឱ្យមានផល លំបាកខូចខាតទ្រព្យសម្បត្តិគួរឲ្យសោកស្តាយ ដូច្នេះហើយសូមឲ្យបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ នៅពេលមានបញ្ហាកើតឡើង អាយុជីវិតសំខាន់ជាងគេ ត្រូវរកកន្លែងដែលមានសុវត្ថិភាពជាចំបងមុនគេ។

អំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរង គ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៨៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១ កេស មី១ កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ តង់១ ឃីតមួយកញ្ចប់ក្នុងនោះមាន(ក្រមា១ មុង១ ភួយ១ សារុង១)ម៉ាស ក្រណាត់ ១ដុំ ជែល ១ដប អាវយឺត ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល គឺសម្រាប់បងប្អូនប្រជាពលរដ្ឋរង គ្រោះប៉ីង ដំបូលបន្តិចបន្តួច រីឯបងប្អូនប្រជាពលរដ្ឋរបើកដំបូលផ្ទះទាំងស្រុង ទទួលបានគ្រឿងឧបភោគ បរិភោគនិងសម្ភារៈ ដូចគ្នាផងដែរចំណែកឯថវិកាទទួលបាន ២០ម៉ឺនរៀល ហើយចំពោះផ្ទះដែលដួលរលំរាប ដល់ដីគឺទទួលគ្រឿង ឧបភោគបរិភោគនិងសម្ភារៈដូចគ្នា ចំណែកថវិកាទទួលបាន ១លានរៀល ហើយក្នុងនោះ លោក គួច ចំរើន បានសន្យាជួយសាងសង់ផ្ទះដែលដួលរលំរាបដល់ដីចំនួន ០៣ខ្នង ធ្វើអំពីបេតុង ដំបូលសង្ក័សី មានទទឹង៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រផងដែរ៕

(ដោយនាគសមុទ្រ)