ខេត្តកំពង់ឆ្នាំង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ:ការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២នៅសាលាស្រុករលាប្អៀរ ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការ សិក្សានុសិស្សចូល ជាច្រើននាក់ ។
លោកជំទាវ មឹន មាណវី បានបន្តថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឲ្យមានរបួសពីការ និងបាត់
បង់ជីវិត និងខូចខាតទ្រព្វសម្បត្តិ លើដងផ្លូវ ថ្ងៃនេះយើងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ជាមួយគ្នានេះក្នុងនាម គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន លោកជំទាវសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរដោយការប្រុង
ប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ បងប្អូនដែលបានមកចូលរួមស្ដាប់ និងពិសេសសិស្សានុសិស្ស ដែលបានទទួលការអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនេះ ពេលត្រឡប់ទៅវិញបន្តអប់រំណែនាំដល់បង
ប្អូនមាតាបិតានិងក្រុមគ្រួសារឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានលើដងផ្លូវ ។
ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ជាការពិតណាស់បច្ចុប្បន្ន វិស័យគមនាគមន៍ត្រូវបានរីកចម្រើនគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំងក៏បានរីកចម្រើនគួរកត់សម្គាល់ផងដែរ។ប៉ុន្តែបើបានផ្លូវល្អ សូមបងប្អូនកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដូចជា៖ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ពាក់មួកសុវត្ថិភាព, គោរពសិទ្ធិអតិភាព, គោរពសញ្ញាចរាចរណ៍, បើកបរត្រូវប្រកាន់ស្តាំ,ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនចេញដំណើរ , មិនត្រូវផ្ទុកលើសទម្ងន់កំណត់,មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក,មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងគ្រឿងញៀន,មិនត្រូវបត់ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងជាដាច់ខាត, និងសូមបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌ យោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។ក្នុងយុទ្ឋនាការ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នេះដែរ ឯកឧត្តមសំណូមពរ ឲ្យអនុវត្តនូវវិធានការមួយគឺ៖ (បើមន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ,ណាដែលមិនពាក់មួកសុវត្ថិភាពមកធ្វើការ គឺមិនអនុញ្ញាតិឲ្យចូលធ្វើការឡើយ ហើយត្រូវដាក់អវត្តមានទៀត ចំណែក សិស្សានុសិស្សត្រូវអនុវត្តដូចគ្នានេះដែរ) ។
យោងតាមរបាយការណ៍របស់ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១និង រយៈពេល២ខែដើមឆ្នាំ២០២២ នេះ មានគ្រោះថ្នាក់ចរាចរណ៍មានចំនួន
២៥ករណីបណ្តាលឱ្យរបួសស្រាល ៤៥នាក់ របួសធ្ងន់១៧ នាក់និងបង្ករឱ្យមានមនុស្ស ស្លាប់ចំនួន២៤ នាក់៕ សុខ គឹមសៀន








































