ខេត្តកំពង់ឆ្នាំង: យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដែលបានបង្ហោះនៅរសៀលថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២២
នេះបានបញ្ជាក់ថា កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រាក សស្រាំដោយសម្រេចបានលទ្ធផលរួមមាន: បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២ ៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។
ក្នុងផេកផ្លូវការរបស់ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំងដដែល ដដែលក៏បានលើកឡើងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានយកអស់កម្លាំងកាយចិត្ត រួមកម្លាំងគ្នាចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
គួររំលឹកដែរថា ចាប់តំាងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្តីពីបទល្មើសនេសាទនៅតែមានកើតមានឡើង នៅក្នុងទន្លេសាប ឯកឧត្តម ស៊ិន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចេញបទបញ្ជាឱ្យសមត្ថកិច្ចចម្រុះ ចុះ បង្ក្រាបបទល្មើសនេសាទដ៏ ក្តៅគគុក ធ្វើឱ្យបទល្មើសនេសាទបានថយចុះ ហើយការបង្ក្រាបបទល្មើសនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ៕សុខ គឹមសៀន







































